1. ទំព័រដើម
  2. ពិព័រណ៍​ផលិតផល​ខ្មែរ និង​ទំនិញ​នាំចេញ​-​នាំចូល​

ពិព័រណ៍​ផលិតផល​ខ្មែរ និង​ទំនិញ​នាំចេញ​-​នាំចូល​

ពិព័រណ៍​ផលិតផល​ខ្មែរ និង​ទំនិញ​នាំចេញ​-​នាំចូល​

​ពិព័រណ៍​ផលិតផល​ខ្មែរ និង​ទំនិញ​នាំចេញ​-​នាំចូល គឺជា​ព្រឹត្តិការណ៍​ពិព័រណ៍​ពាណិជ្ជកម្ម​កម្រិត​អន្តរជាតិ ប្រចាំឆ្នាំ​តែមួយគត់ ដែល​បានរៀបចំ និង​ចាត់ចែង​ដោយ​ក្រសួងពាណិជ្ជកម្ម​កម្ពុជា ចាប់តាំងពី​ឆ្នាំ​២០០៥ រហូតមកដល់​បច្ចុប្បន្ន​។ ពិព័រណ៍​នេះ​បានកំណត់​កាលបរិច្ឆេទ​រៀបចំ​ចាប់ពី​ថ្ងៃទី​១៥-១៨ ខែធ្នូ ជា​រៀងរាល់ឆ្នាំ នៅ​មជ្ឈមណ្ឌល​សន្និបាត និង​ពិ​ព​៧​រណ៍​កោះ​ពេជ្រ រាជធានី​ភ្នំពេញ​។​

​គោលបំណង​របស់​ក្រសួង គឺ បង្កើត និង​បង្កើន​សកម្មភាព​សេដ្ឋកិច្ច​នៅក្នុង​ប្រទេស​កម្ពុជា ឱ្យបាន​ផុលផុស ដើម្បី​ការអភិវឌ្ឍ​ប្រកបដោយ​ចីរភាព បង្កើត​ការងារ លើកកម្ពស់​ផលិតផល និង​សេវា​ក្នុងស្រុក និង​ចូលរួម​ក្នុង​គ្រោងការណ៍​សមាហរណកម្ម​ពាណិជ្ជកម្ម​ក្នុង​តំបន់ និ​ងិ​ភព​លោក​។ ព្រឹត្តិការណ៍​ពាណិជ្ជកម្ម​កម្រិត​អន្តរជាតិ​នេះ នឹង​ជួយ​លើកទឹកចិត្ត​ផលិតករ​កម្ពុជា​ខិតខំ​បន្ថែមទៀត ក្នុង​ការធ្វើ​ទំនើបកម្ម​ផលិតកម្ម និង​អភិវឌ្ឍន៍​ផលិតផល និង​សេវា​សម្រាប់​បម្រើ​ទីផ្សារ និង​ជា​វេទិការ​សម្រាប់​ការជួបជុំ​រវាង​គ្រប់​ភ្នាក់ងារ​ពាក់ព័ន្ធ​សេដ្ឋកិច្ចជាតិ និង​អន្តរជាតិ ដើម្បី​បង្កើត​សកម្មភាព​ពាណិជ្ជកម្ម រវាង​សហគ្រាស​កម្ពុជា និង​អន្តរជាតិ​។

ក្នុង​ផែនការ​យុទ្ធសាស្ត្រ​អភិវឌ្ឍ​វិស័យ​ពាណិជ្ជកម្ម​របស់ ក្រសួងពាណិជ្ជកម្ម បានដាក់​បញ្ចូល​សកម្ម​ភាព​ពិព័រណ៍​ផលិតផល​ខ្មែរ និង​ទំនិញ​នាំចេញ​-​នាំចូល​កម្រិត​អន្តរជាតិ​នេះ ជា​របៀបវារៈ​អាទិភាព​មួយ ក្នុងការ​ចាប់យក​ឱកាស​ទីផ្សារ ជំរុញ​ការនាំចេញ​ផលិតផល និង​សេវា និង​ការតភ្ជាប់​ទំនាក់ទំនង​សេដ្ឋកិច្ច​រវាង​ព្រះរាជាណាចក្រ​កម្ពុជា ជាមួយ​អន្តរជាតិ​។ ក្រសួង បានរៀបចំ​ព្រឹត្តិការណ៍​នេះ​ចាប់តាំងពី​ឆ្នាំ​២០០៥ មក រហូតមកដល់​ពេលនេះ បាន​ចំនួន ១៥​លើក​រួចមកហើយ​។ ពិព័រណ៍​ផលិតផល​ខ្មែរ និង​ទំនិញ​នាំចេញ​-​នាំចូល នៅតែ​បន្ត​បេសកកម្ម​របស់ខ្លួន ចាប់ពី​ថ្ងៃទី​១៥-១៨ ខែធ្នូ តទៅ​។​

​ក្រសួងពាណិជ្ជកម្ម សូម​ថ្លែងអំណរគុណ​យ៉ាង​ជ្រាលជ្រៅ​ចំពោះ​ការគាំទ្រ​របស់​អ្នក​តាំងពិព័រណ៍​ជាតិ និង​អន្តរជាតិ ដែលជា​និច្ចកាល បាន​ចូលរួម​ជាមួយ​យើង​ក្នុងពេល​កន្លងមក ។ ក្រសួង​សូម​ស្វាគមន៍​យ៉ាង​កក់ក្តៅ​ចំពោះ​ការអញ្ជើញ​ចូលរួម​ជាថ្មី របស់​ធុរជន​ជាតិ និង​អន្តរជាតិ នឹង​ខិតខំ​រៀបចំ​ព្រឹត្តិការណ៍​នេះ​ឲ្យ​កាន់តែ​មាន​ភាព​ទាក់ទាញ​ថែមទៀត ដើម្បី​រួមចំណែក​អភិវឌ្ឍ​វិស័យ​ពាណិជ្ជកម្ម​ឲ្យ​មានការ​រីកចម្រើន​។​

Menu
Exit mobile version
X