
ពិព័រណ៍ផលិតផលខ្មែរ ក្នុងឱកាសយុទ្ធនាការទិញផលិតផលខ្មែរ
ការបង្កើតសកម្មភាពពាណិជ្ជកម្ម និង ទីផ្សារនៅគ្រប់កន្លែងទូទាំងប្រទេសកម្ពុជា គឺជាយុទ្ធសាស្ត្រអាទិភាពរបស់ក្រសួងពាណិជ្ជកម្ម។ សកម្មភាពនេះ គឺជាសេនារីយ៉ូប្រទាក់ក្រឡាដ៏មានប្រសិទ្ធភាពមួយ ក្នុងការជួយទ្រទ្រង់ដល់ផលិតកម្មក្នុងស្រុកឲ្យមានសកម្មភាពរស់រវើក ដើម្បីបានឃើញផលិតទំនិញ និងសេវាល្អៗ មានគុណភាពខ្ពស់មានវត្តមាននៅលើទីផ្សារទាំងក្នុង និងក្រៅប្រទេស។ យុទ្ធនាការទិញផលិតផលខ្មែរនឹងផ្តល់ឱកាសដល់ផលិតករ សិប្បករ កសិករកម្ពុជា បានចូលរួមដាក់តាំងបង្ហាញពីស្នាដៃ និងបច្ចេកទេសក្នុងការផលិត ឲ្យសាធារណៈជនទូទៅ បានឃើញនិងទិញយកទៅប្រើប្រាស់តាមតម្រូវការក្នុងជីវភាពប្រចាំថ្ងៃ។
ការរៀបចំយុទ្ធនាការទិញផលិតផលខ្មែរ គឺធ្វើឲ្យបរិយាកាសពាណិជ្ជកម្មនៅក្នុងប្រទេសកម្ពុជា មានលក្ខណៈល្អប្រសើរ ដោយជំរុញចលនាឲ្យផលិតករ សិប្បករ កសិករ កម្ពុជា ខិតខំផលិតទំនិញ ប្រកបដោយគុណភាព សុវត្ថិភាព រំលេចដោយសោភ័ណភាពវេចខ្ចប់បានល្អត្រឹមត្រូវ ដើម្បីបម្រើទីផ្សារ និងចូលរួមប្រកួតប្រជែងក្នុងកម្រិតទីផ្សារសេរី ជាមួយផលិតផល ឬ ទំនិញនាំចូលពីបរទេស។ ព្រឹត្តិការណ៍នេះ ជាសញ្ញាណវិជ្ជមានមួយ ក្នុងការដាស់ស្មារតីអ្នកប្រើប្រាស់ទូទៅ យកចិត្តទុកដាក់ លើកកម្ពស់ផលិតផលក្នុងស្រុក និង ចូលរួមប្រើប្រាស់ផលិតផលក្នុងស្រុក ឲ្យបានច្រើនជាអតិបរិមា ក្នុងកម្រិតដែលផលិតផល ឬ ទំនិញទាំងនោះអាចប្រើប្រាស់ជំនួសគ្នាបាន។
ក្រសួងពាណិជ្ជកម្ម ជាអ្នកអនុវត្តគម្រោងនេះ នឹងបន្តទៅដំណាក់កាលបន្តបន្ទាប់ ដោយផ្តោតលើការបញ្ជ្រាបចូលទីផ្សារចំពោះផលិតផលក្នុងស្រុក ព្រមទាំងជំរុញបន្ថែម ឲ្យផលិតករ សិប្បករ កសិករកម្ពុជា ខិតខំបង្កើតគំនិតច្នៃប្រឌិត ផលិតទំនិញថ្មីៗ អនុឡោមតាមស្តង់ដារ បច្ចេកទេសសម័យទំនើប និងមានការទទួលស្គាល់ជាសកល។
ចូលរួមគាំទ្រក្នុងយុទ្ធនាការនេះនឹងធ្វើឲ្យកម្ពុជា៖
- អាចឈរជើងបានរឹងមាំក្នុងការប្រកួតប្រជែងកាត់ចំណែកទីផ្សារ ទាំងទីផ្សារក្នុងតំបន់ និងទីផ្សារសកល លោក ចំពោះផលិតផលដែលខ្លួនផលិតបាន
- ធ្វើពិពិធកម្មនាំចេញទំនិញថ្មីៗ បានច្រើនជាងមុនទៅទីផ្សារដែលផ្តល់ភាពអនុគ្រោះពាណិជ្ជកម្មដល់កម្ពុជា
- ពង្រឹងបរិយាកាសអាជីវកម្ម ពាណិជ្ជកម្ម ក្នុងស្រុក
- បង្កើនលទ្ធភាពផលិតកម្ម ក្នុងស្រុក
- ជួយកសាងតម្លៃបន្ថែមលើផលិតផល បានជាអតិបរិមា
- បង្កើតការងារថ្មីៗ បង្កើនប្រាក់ចំណូល ជួយទប់ស្កាត់ការធ្វើចំណាកស្រុករបស់យុវជនវ័យក្មេង កាត់បន្ថយ បានជាបណ្តើរៗនូវភាពក្រីក្រ៕