1. ទំព័រដើម
  2. យុទ្ធនា​ការទិញ​ ផលិតផល​ខ្មែរ​

យុទ្ធនា​ការទិញ​ ផលិតផល​ខ្មែរ​

ពិព័រណ៍​ផលិតផល​ខ្មែរ ក្នុងឱកាស​យុទ្ធនា​ការទិញ​ផលិតផល​ខ្មែរ​

​ការបង្កើត​សកម្មភាព​ពាណិជ្ជកម្ម និង ទីផ្សារ​នៅ​គ្រប់កន្លែង​ទូទាំងប្រទេស​កម្ពុជា គឺជា​យុទ្ធសាស្ត្រ​អាទិភាព​របស់​ក្រសួងពាណិជ្ជកម្ម​។ សកម្មភាព​នេះ គឺជា​សេនា​រី​យ៉ូ​ប្រទាក់ក្រឡា​ដ៏​មាន​ប្រសិទ្ធភាព​មួយ ក្នុង​ការជួយ​ទ្រទ្រង់​ដល់​ផលិតកម្ម​ក្នុងស្រុក​ឲ្យ​មាន​សកម្ម​ភាពរស់រវើក ដើម្បី​បានឃើញ​ផលិត​ទំនិញ និង​សេវា​ល្អៗ មានគុណ​ភាព​ខ្ពស់​មាន​វត្តមាន​នៅលើ​ទីផ្សារ​ទាំង​ក្នុង និង​ក្រៅប្រទេស​។ យុទ្ធនា​ការទិញ​ផលិតផល​ខ្មែរ​នឹង​ផ្តល់ឱកាស​ដល់​ផលិតករ សិប្បករ កសិករ​កម្ពុជា បាន​ចូលរួម​ដាក់តាំង​បង្ហាញ​ពី​ស្នាដៃ និង​បច្ចេកទេស​ក្នុង​ការផលិត ឲ្យ​សាធារណៈជន​ទូទៅ បានឃើញ​និង​ទិញយក​ទៅប្រើ​ប្រាស់​តាម​តម្រូវការ​ក្នុង​ជីវភាព​ប្រចាំថ្ងៃ​។

ការរៀបចំ​យុទ្ធនា​ការទិញ​ផលិតផល​ខ្មែរ គឺ​ធ្វើ​ឲ្យ​បរិយាកាស​ពាណិជ្ជកម្ម​នៅក្នុង​ប្រទេស​កម្ពុជា មាន​លក្ខណៈ​ល្អប្រសើរ ដោយ​ជំរុញ​ចលនា​ឲ្យ​ផលិតករ សិប្បករ កសិករ កម្ពុជា ខិតខំ​ផលិត​ទំនិញ ប្រកបដោយ​គុណភាព សុវត្ថិភាព រំលេច​ដោយ​សោភ័ណភាព​វេច​ខ្ចប់​បានល្អ​ត្រឹមត្រូវ ដើម្បី​បម្រើ​ទីផ្សារ និង​ចូលរួម​ប្រកួតប្រជែង​ក្នុង​កម្រិត​ទីផ្សារសេរី ជាមួយ​ផលិតផល ឬ ទំនិញ​នាំចូល​ពី​បរទេស​។ ព្រឹត្តិការណ៍​នេះ ជា​សញ្ញាណ​វិជ្ជមាន​មួយ ក្នុងការ​ដាស់​ស្មារតី​អ្នកប្រើប្រាស់​ទូទៅ យកចិត្តទុកដាក់ លើកកម្ពស់​ផលិតផល​ក្នុងស្រុក និង ចូលរួម​ប្រើប្រាស់​ផលិតផល​ក្នុងស្រុក ឲ្យ​បាន​ច្រើន​ជា​អតិបរិមា ក្នុង​កម្រិត​ដែល​ផលិតផល ឬ ទំនិញ​ទាំងនោះ​អាច​ប្រើប្រាស់​ជំនួស​គ្នា​បាន​។​

​ក្រសួងពាណិជ្ជកម្ម ជា​អ្នកអនុវត្ត​គម្រោង​នេះ នឹង​បន្តទៅ​ដំណាក់កាល​បន្តបន្ទាប់ ដោយ​ផ្តោតលើ​ការបញ្ជ្រាប​ចូល​ទីផ្សារ​ចំពោះ​ផលិតផល​ក្នុងស្រុក ព្រមទាំង​ជំរុញ​បន្ថែម ឲ្យ​ផលិតករ សិប្បករ កសិករ​កម្ពុជា ខិតខំ​បង្កើត​គំនិត​ច្នៃប្រឌិត ផលិត​ទំនិញ​ថ្មីៗ អនុ​ឡោម​តាម​ស្តង់ដារ បច្ចេកទេស​សម័យ​ទំនើប និង​មានការ​ទទួលស្គាល់​ជាស​កល​។

ចូលរួម​គាំទ្រ​ក្នុង​យុទ្ធនាការ​នេះ​នឹងធ្វើ​ឲ្យ​កម្ពុជា​៖

  • អាចឈរជើង​បាន​រឹងមាំ​ក្នុងការ​ប្រកួតប្រជែង​កាត់​ចំណែក​ទីផ្សារ ទាំង​ទីផ្សារ​ក្នុង​តំបន់ និង​ទីផ្សារ​សកល លោក ចំពោះ​ផលិតផល​ដែល​ខ្លួន​ផលិត​បាន​
  • ធ្វើ​ពិពិធ​កម្ម​នាំចេញ​ទំនិញ​ថ្មីៗ បាន​ច្រើនជាង​មុន​ទៅ​ទីផ្សារ​ដែល​ផ្តល់​ភាពអនុគ្រោះ​ពាណិជ្ជកម្ម​ដល់​កម្ពុជា
  • ​ពង្រឹង​បរិយាកាស​អាជីវកម្ម ពាណិជ្ជកម្ម ក្នុងស្រុក​
  • បង្កើន​លទ្ធភាព​ផលិតកម្ម ក្នុងស្រុក​
  • ​ជួយ​កសាង​តម្លៃបន្ថែម​លើ​ផលិតផល បានជា​អតិបរិមា​
  • បង្កើត​ការងារ​ថ្មីៗ បង្កើន​ប្រាក់ចំណូល ជួយ​ទប់ស្កាត់​ការធ្វើ​ចំណាកស្រុក​របស់​យុវជន​វ័យក្មេង កាត់បន្ថយ បានជា​បណ្តើរៗ​នូវ​ភាពក្រីក្រ​៕

ខ្មែរ​ជួយ​ខ្មែរ ខ្មែរ​ចូលរួម​ប្រើប្រាស់​ផលិតផល​ខ្មែរ !​

Menu