1. ទំព័រដើម
  2. របៀប​ធ្វើ​ពាណិជ្ជកម្ម​នៅ​កម្ពុជា

របៀប​ធ្វើ​ពាណិជ្ជកម្ម​នៅ​កម្ពុជា

​ភាពអនុគ្រោះ​ក្នុង​ការបើក​ច្រក​ទីផ្សារ​

​ប្រទេស​កម្ពុជា បាន​ចូលរួម​ក្នុង​សហគមន៍​ទីផ្សារ​ពិភពលោក និង​បាន​ក្លាយជា​សមាជិក​រប​ស់​អង្គការ​ពាណិជ្ជកម្ម​ពិភព​លោ​ក្នុង​ឆ្នាំ​២០០៤​។ ដោយសារ​ប្រទេស​កម្ពុជា ត្រូវបាន​ចាត់បញ្ចូល​ក្នុង​ក្រុម​ប្រទេស​អភិវឌ្ឍន៍​តិចតួច ទើប​ធ្វើឱ្យ​កម្ពុជា មានឱកាស​ទទួលបាន​នូវ​ភាពអនុគ្រោះ​ពិសេស​ពី​បណ្តា​ប្រទេស​នាំចូល​ជាច្រើន​ក្នុង​ពិភពលោក​។ ទាំង​សហរដ្ឋអាមេរិក និង​សហគមន៍​អឺរ៉ុប មានកម្ម​វិធី​ពិសេស​ជួយ​ដល់​កម្ពុជា​ដូចជា ការនាំ​ចូល​មិន​យកពន្ធ និង​មិន​កំណត់​កូតា​ជាដើម ក្នុងការ​នាំចូល​មុខទំនិញ​ស្ទើរ​គ្រប់​ប្រភេទ​លើកលែងតែ​អាវុធ​សម្រាប់​សហគមន៍​អឺរ៉ុប (​បច្ចុប្បន្ន ដក​២០%) ហើយ​សហរដ្ឋអាមេរិក បានផ្តល់​បញ្ជី​មុខទំនិញ​ប្រមាណ ៤៨០០ ប្រភេទ​ផងដែរ​។ ឧត្តមភាព​ទាំងនេះ ចាត់ទុកថា​ជា​គុណប្រយោជន៍​ដ៏​ឧ​ត្ត​ម ដែល​ធ្វើឱ្យ​កម្ពុជា អាច​ចូលរួម​ប្រកួតប្រជែង​ជាមួយ​បណ្តា​ប្រទេស​ក្នុង​តំបន់ ដូចជា ប្រទេស​ថៃ វៀតណាម​ជាដើម លើកលែងតែ​ប្រទេស​ឡាវ និង​ភូមា​ដែលមាន​កម្រិត​ប្រហាក់ប្រហែលគ្នា​ហើយ​ទ​ទួ​បាន​ភាពអនុគ្រោះ​ទីផ្សារ​សហគមន៍​អឺរ៉ុប​ដូចជា​។​​

ដោយសារ​ជា​សមាជិក​អាស៊ាន កម្ពុជា បាន​អនុវត្តន៍​កិច្ចព្រមព្រាង​ពាណិជ្ជកម្ម​សេរី​អាស៊ាន ព្រមទាំង​ទទួលបាន អត្ថប្រយោជន៍​ពី​កិច្ចព្រមព្រៀង​ស្តីពី​ភាពអនុគ្រោះ​ពន្ធ​រួម​សម្រាប់​តំបន់​ពាណិជ្ជកម្ម​សេរី​អាស៊ាន (CEPT) តាមរយៈ​ការកាត់បន្ថយ ឬ លុបចោល​ពន្ធគយ​ទាំងស្រុង​លើ​មុខទំនិញ​ដែល​ផលិត​នៅក្នុង​ប្រទេស​រៀងខ្លួន ហើយ​ធ្វើ​ការនាំ​ចេញទៅ​ប្រទេស​ជា​សមាជិក​ដូចគ្នា​។​

ការចូល​ជាធរ​មាននៃ​សហគមន៍​សេដ្ឋកិច្ច​អាស៊ាន (AEC) កាលពី​ចុងឆ្នាំ​២០១៥ កន្លងទៅ អាស៊ាន​ក្លាយជា​ទីផ្សារ​រួម​ដែល​រាល់​មុខទំនិញ សេវាកម្ម និង​កម្មករ​ជំនាញ​មាន​លំហូរ​ដោយ​សេរី ឆ្លងកាត់​ព្រំដែន​។ បច្ចុប្បន្ន កម្ពុជា បាន​នាំ​ចេញទៅ​ទីផ្សារ​រួម​នេះ​បាន​តិចតួច​នៅឡើយ ហើយ​សង្ឃឹមថា ស្ថានភាព​នេះ​នឹងមាន​ការផ្លាស់ប្តូរ​ក្នុងពេល​ខាងមុខ​។ កម្ពុជា មាន​ទីតាំងនៅ​ចំ​ចំណុចកណ្តាល​នៃ​អាស៊ាន ដូច្នេះ​មានឱកាស​ច្រើន​ក្នុង​ការធ្វើ​អាជីវកម្ម​ដើម្បី​បង្កើនល្បឿន​ត​ភ្ជាប់​ទំនាក់ទំនង​សេដ្ឋកិច្ច​ជាមួយ​អាស៊ាន និង​ធ្វើ​សមាហរណកម្ម​ទៅក្នុង​ច្រវាក់​ផលិតកម្ម​តំបន់ ឬក៏​ជា​ចំណុច​ប្រមូលផ្តុំ​នៃ​ប្រព័ន្ធ​ដឹកជញ្ជូន​និង​ភស្តុភារ​នាពេល​អនាគត​។

សមាជិកភាព​នេះ ក៏​ជា​ប្រការ​ល្អ​មួយ​ដែល​នឹង​នឹង​នាំ​ផ្លូវ​ឱ្យ​កម្ពុជា បាន​ចូលរួម​ក្នុង​កិច្ច​ពាណិជ្ជកម្ម​សេរី​ជាមួយ​ប្រទេស​ដៃគូ​សេដ្ឋកិច្ច ដូចជា ចិន (​ថ្មីៗ​បាន​ចុះ​កិច្ចព្រមព្រាង​រួចហើយ​) ជប៉ុន កូរ៉េខាងត្បូង អូស្ត្រាលី ញូ​វ​ស៊ី​ឡែ​ន និង​ឥណ្ឌា​ផងដែរ ហើយ​មិនយូរ មិនឆាប់ កម្ពុជា ក៏​នឹង​បាន​ចូលរួម​ក្នុង​តំបន់​ពាណិជ្ជកម្ម​សេរី​ជាមួយ​ដៃគូ​សេដ្ឋកិច្ច​គ្រប់​ជ្រុងជ្រោយ​ក្នុង​តំបន់ ដែលជា​បណ្តុំ​ទីផ្សារ​មាន​ប្រជាជន​ប្រមាណ​ជាង ៣០០០ លាន​នាក់​ផងដែរ​។

​អំណោយ​ផ​លើ​ទីតាំង​ភូមិសាស្ត្រ​

​កម្ពុជា មាន​ទីតាំង​ភូមិសាស្ត្រ​ស្ថិតនៅ​ចំ​ចំណុចកណ្តាល​អាស៊ាន មាន​ព្រំប្រទល់​ជាប់​ប្រទេស​ថៃឡង់​ដ៍ ឡាវ និង​វៀតណាម​។ ភូមិសាស្ត្រ​នេះ​បានផ្តល់​ភាពងាយស្រួល​ក្នុងការ​ជំរុញ​កំណើន​ទីផ្សារ និង​ធ្វើ​ពាណិជ្ជកម្ម​ជាមួយ​ទីផ្សារ​ក្នុង​តំបន់​បាន​យ៉ាង​ងាយស្រួល​។ ឧទាហរណ៍​ដូចជា​៖ កម្ពុជា មាន​កំណើន​ខ្ពស់​ក្នុង​ឧស្សាហកម្ម​កាត់ដេរ​សម្លៀក​បំពាក់ ដែល​ធ្វើឱ្យ​ប្រទេស​នេះ​នាំចូល​ទំនិញ​ជាច្រើន​ជា​សាច់​ក្រណាត់ និង​វត្ថុធាតុដើម​ពី​ប្រទេស​ចិន ឬ នាំ​មកពី​ប្រទេស​អាស៊ាន​ដទៃទៀត តាមផ្លូវ​គោក និង​ផ្លូវ​សមុទ្រ​។ កម្ពុជា ក៏មាន​ការតភ្ជាប់​ផ្លូវអាកាស​ជាមួយ​អាស៊ាន និង​ប្រទេស​មួយចំនួន​ក្នុង​តំបន់​បាន​យ៉ាង​ល្អប្រសើរ​។

អាកាសយានដ្ឋាន​អន្តរជាតិ​ភ្នំពេញ បានទទួល​ជើងហោះហើរ​ត្រង់​មកពី​ទីក្រុង​ប៉េកាំង សៀង​ហៃ ក្វាង​ចូ​វ តៃប៉ិ សេ​អ៊ូ​ល តូ​ក្យូ បូករួម​និង​ការតភ្ជាប់​ជាមួយ​ពិភពលោក​តាមរយៈ​ការប្តូរ​ជើងហោះហើរ​នៅ​ប្រទេស​កាតា និង​ទីក្រុង​ឌុយ​បៃ​ជាដើម​។ ដោយសារ​ជំនួយ​អន្តរជាតិ និង​ភាពជា​ដៃគូ​ជាមួយ​វិស័យ​ឯកជន បានធ្វើ​ឱ្យមាន​លំហូរ​សាច់ប្រាក់ និង​លំហូរ​ទុនវិនិយោគ​ដ៏​ច្រើន​ចូលមក​វិនិយោគ​លើ​ហេ​ដ្ឋា​រចនា​សម្ព​ន្ធ័​រូបវន្ត ដើម្បី​ពង្រឹង​ថែមទៀត​នូវ​ការតភ្ជាប់​ទំនាក់ទំនង​សេដ្ឋកិច្ច​ជាមួយ​ប្រទេសជិតខាង​។

ជា​រដ្ឋាភិបាល​ដែល​យកចិត្តទុកដាក់​ចំពោះ​ធុរកិច្ច​

​រាជរដ្ឋាភិបាល​កម្ពុជា ទទួលស្គាល់​ពី​សារៈសំខាន់​របស់ ទីផ្សារ និង​វិនិយោគ​ផ្ទាល់​ពី​បរទេស ជានិច្ចកាល​តែង​យកចិត្តទុកដាក់​លើ​អ្នកជំនួញ​បរទេស​ដែល​ចូលមក​ធ្វើ​ធុរកិច្ច​នៅក្នុង​ប្រទេស​កម្ពុជា​។ គោលនយោបាយ​របស់​ប្រទេស​ផ្សេងៗ​នៅក្នុង​តំបន់​ពេលខ្លះ​ប្រព័ន្ធ​ការងារ​បង្ក​ការលំបាក​ដល់​អ្នកជំនួញ​បរទេស ប៉ុន្តែ​ធុរជន​នៅក្នុង​ប្រទេស​កម្ពុជា នឹង​ទទួលបាន​នូវ​អត្ថប្រយោជន៍​ពី​វិធាន​មួយចំនួន​ដូចជា​៖

  • កម្ពុជា ជា​ប្រទេស​ដែលមាន​ប្រព័ន្ធ​សេដ្ឋកិច្ច​បើកចំហរ​មួយ​នៅក្នុង​តំបន់​អាស៊ាន ដែល​រដ្ឋាភិបាល​យកចិត្ត​ទុកដាក់​ខ្លាំង​លើ​ការធ្វើ​ជំនួញ និង​មានការ​កែទម្រង់​ច្រើន​។
  • គ្មាន​ការរើសអើង​៖ ពុំមាន​ការលំបាក​លើផ្លូវ​ច្បាប់ ក្នុង​ការបើក​ក្រុមហ៊ុន​អាជីវកម្ម​នៅក្នុង​ប្រទេស​កម្ពុជា ដែល​ជនបរទេស​ធ្វើជា​ម្ចាស់​ក្រុមហ៊ុន​១០០% លើកលែងតែ​សិទ្ធិ​កាន់កាប់​ដីធ្លី អ្នកជំនួញ​ជនបរទេស​អាច​ចូលរួម​ប្រកប​អាជីវកម្ម​ដូច​ក្រុមហ៊ុន​ក្នុងស្រុក​ដែលមាន​ម្ចាស់​ជា​ជនជាតិខ្មែរ​ដោយ​ស្មើភាព​គ្នា​។​
  • ពន្ធដារ​ទាប​៖ កម្ពុជា គឺជា​ប្រទេសមួយ​ដែលមាន​របប​ពន្ធដារ​មានការ​ប្រកួតប្រជែង​ខ្ពស់​នៅ​អាស៊ី​អា​គ្មេ​យ៍​។ អត្រា​ពន្ធលើប្រាក់ចំណេញ​ចំនួន ២០% គឺ​ទាប​ជាងគេ​នៅក្នុង​តំបន់ លើសពីនេះ ទំនិញ​ស្ទើរ​គ្រប់​ប្រភេទ​ដែល​នាំ​ចេញពី​កម្ពុជា​គឺ​រួច​ពន្ធ​។​
  • ការលើកទឹកចិត្ត​ចំពោះ​អ្នកវិនិយោគ​៖ រដ្ឋាភិបាល​បាន​បង្កើត​ក្រុមប្រឹក្សារ​មួយ​សម្រាប់​សម្របសម្រួល​និង​លើកទឹកចិត្ត​អ្នកវិនិយោគទុន​បរទេស ដែលមាន​បំណង​មក​វិនិយោគ​នៅ​កម្ពុជា​។​
  • យកចិត្តទុកដាក់​លើ​តំបន់​វិនិយោគ​៖ ដើម្បី​កាត់បន្ថយ​ពេលវេលា និង​ការចំណាយ​លើ​ហេដ្ឋារចនាសម្ព័ន្ធ និង​ផ្នែក​រដ្ឋបាល​នៅ​តំបន់​ជាក់លាក់​ណាមួយ រាជរដ្ឋាភិបាល​បានអនុញ្ញាត​ឱ្យ​បង្កើត​តំបន់​សេដ្ឋកិច្ច​ពិសេស​ច្រើន​កន្លែង​នៅ​ទូទាំងប្រទេស ដែល​ភាគច្រើន​មាននៅ​ក្បែរ​ព្រំដែន​នៃ​ប្រទេសជិតខាង និង​នៅតាម​តំបន់​ប្រមូលផ្តុំ​ផលិតកម្ម​ជុំវិញ​រាជធានី​ភ្នំពេញ​។ តំបន់​សេដ្ឋកិច្ច​នីមួយៗ មាន​ក្រុមការងារ​សម្រាប់​ផ្តល់​សេវា​រដ្ឋបាល ពួកគេ​មាន​ទំនាក់ទំនង​រឹងមាំ​ជាមួយ​ក្រសួង​ស្ថាប័ន​រដ្ឋាភិបាល ទាក់ទង​នឹង​ការងារ​នាំចូល / នាំចេញ ការចុះបញ្ជី​ផ្លូវការ និង​ដោះស្រាយ​បញ្ហា​នានា​ដែល​អាច​នឹង​កើតមានឡើង​ក្នុង​តំបន់​។​ល​។​
  • ងាយស្រួល​ក្នុង​ការផ្ទេរ​ប្រាក់ចំណេញ​៖ ច្បាប់​ស្តីពី​ការផ្ទេរ​ប្រាក់​ទៅ​បរទេស ឆ្នាំ​១៩៩៧ បាន​ចែងថា រាល់​ប្រតិបត្តិ​ការផ្ទេរ​សាច់ប្រាក់​ទៅ​បរទេស​តាមរយៈ​ធនាគារ​ស្របច្បាប់​ណាមួយ​នៅក្នុង​ប្រទេស​កម្ពុជា មិន​ត្រូវបាន​ហាមឃាត់​ឡើយ ដែល​ផ្តល់​ភាពងាយស្រួល​ក្នុងការ​បង្វិល​ប្រាក់ចំណេញ​ពី​ការធ្វើ​ធុរកិច្ច​នៅ​កម្ពុជា ទៅ​គណនី​ផ្ទាល់ខ្លួន​នៅ​ស្រុកកំណើត​របស់​ពួកគេ​។​
  • ការកែទម្រង់​ស៊ីជម្រៅ​៖ ក្នុង​រយៈពេល​ប៉ុន្មាន​ឆ្នាំ​ចុង​ក្រោយនេះ រដ្ឋាភិបាល​បានធ្វើការ​កែទម្រង់​ប្រកបដោយ​ភាពស្វាហាប់ និង​ម៉ឹងម៉ាត់ ដោយ​លើកយក​បញ្ហា​នានា​ដែល​កើតមានឡើង​ក្នុងអំឡុង​ពេលធ្វើ​ធុរកិច្ច​នៅ​កម្ពុជា​មក​ដោះស្រាយ​ជូន​វិស័យ​ឯកជន​។ មាន​ចំណុច​ជាច្រើន​ដូចជា ការធ្វើ​ស្វ័យប្រវត្ត​កម្ម​ក្នុង​ការចេញ​វិ​ញ្ញាប​ន​ប័ត្រ​បញ្ជាក់​ប្រភពដើម​ទំនិញ​តាម​ប្រព័ន្ធ​អេ​ឡិច​ត្រូ​និ​ច ការចុះបញ្ជី​ពាណិជ្ជកម្ម​និង​ពន្ធដារ​តាម​ប្រព័ន្ធ​អេ​ឡិច​ត្រូ​និ​ច ជាដើម ដើម្បី​កាត់បន្ថយ​ពេលវេលា កាត់បន្ថយ​ការចំណាយ​រដ្ឋបាល កាត់បន្ថយ​ការ​ឱកាស​ជួប​មុខ​គ្នា​ជាមួយ​មន្ត្រី​ថ្នាក់ក្រោម​ជាដើម ឱ្យ​ស្របតាម​បទដ្ឋាន​គ​តិ្ត​យុ​ត​ថ្មីៗ របស់​រដ្ឋាភិបាល​កម្ពុ​ជា​។​

កម្លាំង​ពលកម្ម​មានការ​ប្រកួត​ប្រជែង

​ប្រទេស​កម្ពុជា បានរៀបចំ​បង្កើត​បណ្តុំ​ផលិតកម្ម​យ៉ាង​ឆាប់រហ័ស​នៅក្នុង​តំបន់ ដោយ​ទីផ្សារពលកម្ម​មានការ​ប្រកួតប្រជែង​ខ្ពស់​។ ឈ្នួល​ពលកម្ម​នៅ​កម្ពុជា​មានតម្លៃ​ថោក​ជាង​ប្រទេស​ជា​ដៃគូ​ប្រកួតប្រជែង​ក្នុង​តំបន់ ដោយមាន​ការលើកទឹកចិត្ត​លើ​កម្លាំង​ពលកម្ម​ក្នុង​ឧស្សាហកម្ម​តម្រង់ទិស​នាំចេញ​។

​គុណភាព​ជីវិត​

​អ្នកវិនិយោគ /​អ្នកជំនួញ ដែល​មក​ធ្វើ​ជំនួញ​នៅ​កម្ពុជា នឹង​ទទួលបាន​ផលប្រយោជន៍ ពី​ជីវភាព​ស៊ី​វិ​ល័យ និង​ភាព​ទាក់ទាញ ជាមួយនឹង​តម្លៃ​នៃ​ការរស់នៅ​ទាប និង​មានឱកាស​ច្រើន​ដើម្បី​ស្វែងយល់​ពី​ប្រទេស ដែលមាន​កេរ្តិ៍ដំណែល​វប្បធម៌​ប្រវត្តិសាស្ត្រ និង​ធម្មជាតិ​ស្រស់បំព្រង​។ តំបន់​ដែល​ល្អ​សម្រាប់​អ្នកវិនិយោគ​គឺ​រាជធានី​ភ្នំពេញ ខេត្តសៀមរាប និង​ខេត្ត​ព្រះសីហនុ ជាដើម ជាពិសេស​អ្នកវិនិយោគ​នឹង​ទទួលបាន គុណប្រយោជន៍​ពី​ប្រជាសាស្ត្រ​ដែល​ក​ម្លាំំ​ង​ពលកម្ម​ភាគច្រើន​ជា​យុវជន​វ័យក្មេង មានចំណេះដឹង​ល្អ ដែលជា​ផ្នែក​មួយ​ក្នុង​ការចូលរួម​ប្រកួតប្រជែង​នាពេល​អនាគត​។​

​ឱកាស​វិនិយោគ និង​អាជីវកម្ម​ក្នុង​វិស័យ​មួយចំនួន​ដូចខាងក្រោម​៖

  • ឧស្សាហកម្ម​កាត់ដេរ​ស​ម្លៀ​ក​បំពាក់ ស្បែកជើង កាបូប​ធ្វើដំណើរ
  • វិស័យ​កសិកម្ម កសិឧស្សាហកម្ម និង​ការកែច្នៃ​ផលិតផល​
  • វិស័យ​ទេសចរណ៍​និង​សេវា​បដិសណ្ឋារកិច្ច​
  • វិស័យ​សំណង់​
  • ម្ហូបអាហារ និង​ភេសជ្ជៈ​
  • សុខភាព និង​ឱសថ​
  • វិស័យ​ហិរញ្ញវត្ថុ និង​សេវា​ធានារ៉ាប់រង​
  • ព័ត៌មានវិទ្យា​និង​ទូរគមនាគមន៍ និង E-Commerce
  • គ្រឿងយន្ត និង​ទោចក្រយានយន្ត
  • ​វិស័យ​អប់រំ​និង​សិក្សាធិការ​
  • ការរុករក​រ៉ែ​…​។​ល​។​

​ដំណើរការ​ចុះបញ្ជី​ក្រុមហ៊ុន​

វិនិយោគិន​បរទេស​ដែលមាន​បំណង​មក​ធ្វើ​ធុរកិច្ច​នៅ​កម្ពុជា​ត្រូវតែ​ចុះបញ្ជី​អាជីវកម្ម នៅ​ក្រសួងពាណិជ្ជកម្ម (​នាយកដ្ឋាន​ចុះបញ្ជី​ពាណិជ្ជកម្ម​)​។ បច្ចុប្បន្ន​ការចុះបញ្ជី​បើក​ក្រុមហ៊ុន និង​ចុះបញ្ជី​នៅ​អគ្គនាយកដ្ឋាន​ពន្ធដារ​ធ្វើឡើង​តាម​ប្រព័ន្ធ​ស្វ័យប្រវត្ត​កម្ម (Online)​។ ប្រសិនបើ​ក្រុមហ៊ុន​ត្រូវ​ជ្រើសរើស​បុគ្គលិក​ចូល​បម្រើ​ការងារ ត្រូវ​ស្នើសុំ​នៅ​ក្រសួង​ការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ​។ អាស្រ័យ​លើ​កម្មវត្ថុ​អាជីវកម្ម និង​វិនិយោគ​របស់​ក្រុមហ៊ុន ម្ចាស់​ក្រុមហ៊ុន​ត្រូវ​ស្នើសុំ​អាជ្ញាប័ណ​វិនិយោគ​លើ​កម្រិត​ជំនាញ និង​វិជ្ជាជីវៈ​តាម​ក្រសួង​ស្ថាប័ន​ពាក់ព័ន្ធ​។​

​បញ្ជី​ឯកសារ​សម្រាប់​ត្រៀម​ចុះបញ្ជី​បើក​ក្រុមហ៊ុន (​អាជីវកម្ម​ទូទៅ​) រួមមាន​

  1. ពាក្យស្នើសុំ​ចុះបញ្ជី​ក្រុមហ៊ុន​
  2. ឯកសារ​បញ្ជាក់​ទីតាំង និង​សិទ្ធិ​ប្រើប្រាស់ (​ប្លង់​ទីតាំង កិច្ចសន្យាជួល ឬ​ឯកសារ​បញ្ជាក់​កម្ម​សិទ្ធ​ផ្ទាល់ខ្លួន​)
  3. ច្បាប់​ថតចម្លង​អត្តសញ្ញាណប័ណ ឬ​លិខិតឆ្លងដែន​
  4. រូបថត​ម្ចាស់​ភាគហ៊ុន​
  5. លិខិតបញ្ជាក់​ព័ត៌មាន​ដើមទុន​អាជីវកម្ម​ពី​ធនាគារពាណិជ្ជ​ស្របច្បាប់​នៅ​កម្ពុជា​

​ព័ត៌មាន​លម្អិត​ស្តីពី​ការចុះបញ្ជី​ពាណិជ្ជកម្ម សូម​ទាក់ទង​នាយកដ្ឋាន​ចុះបញ្ជី​ពាណិជ្ជកម្ម នៃ​ក្រសួងពាណិជ្ជកម្ម អាស័យដ្ឋាន ដី​ឡូ​តិ៍​លេខ​១៩-៦១ មហាវិថី​សហព័ន្ធរុស្ស៊ី ភូមិ​ទឹកថ្លា សង្កាត់​ទឹកថ្លា ខណ្ឌ​សែន​សុខ រាជធានី​ភ្នំពេញ​។​
​ទូរស័ព្ទ​លេខ​៖ ០២៣ ៨៦៦ ០៥០ / ០១២ ៩៩៣ ១៨៨ / ០១២ ៩១០ ៥០៥
​អ៊ីម៉ែ​ល​៖ [email protected]

Menu