1. ទំព័រដើម
  2. ​ពិព័រណ៍​ពិភពលោក ​ឌុយ​បៃ ​២០២០

​ពិព័រណ៍​ពិភពលោក ​ឌុយ​បៃ ​២០២០

ពិព័រណ៍​ពិភពលោក​ឌុយ​បៃ​២០២០ នឹង​ប្រារព្ធ​ធ្វើឡើង​នៅ​ទីក្រុង​ឌុយ​បៃ​សហភាព​អារ៉ាប់​អេ​មី​រ៉ាត់ និង​ជា​ព្រឹត្តិការណ៍​លំដាប់​ពិភពលោក​លើកដំបូង​រៀបចំ​នៅ​តំបន់​ម​ជ្ឈឹ​ម​បូព៌ា​។ តាម​ផែនការ​ពិព័រណ៍​នេះ​គ្រោង​នឹង​បើក​ដំណើរការ​ចាប់ពី​ថ្ងៃទី​២២ ខែតុលា ឆ្នាំ​២០២០ និង​បិទ​បញ្ចប់​នៅ​ថ្ងៃទី​១០ ខែមេសា ឆ្នាំ​២០២១ ប៉ុន្តែ​ដោយសារ​ផលប៉ះពាល់​នៃ​វិបត្តិ​កូ​វីដ​១៩ ពិព័រណ៍​នេះ​ត្រូវបាន​លើក​ពេល​មួយឆ្នាំ ដោយ​កាលបរិច្ឆេទ​ថ្មី​ចាប់ពី​ថ្ងៃទី​១ ខែតុលា ឆ្នាំ​២០២១ ដល់​ថ្ងៃទី​៣១ ខែមីនា ឆ្នាំ​២០២២​។ ព្រឹត្តិការណ៍​ពិព័រណ៍​ពិភពលោក​ដែលមាន​រយៈពេល​៦​ខែ​នេះ មាន​ប្រទេស និង​អង្គការ​អន្តរជាតិ​ធំៗ​ចូលរួម​ចំនួន​ជិត​២០០ ប្រទេស ហើយ​តាម​ការរំពឹងទុក ពិព័រណ៍​នេះ​នឹងមាន​ភ្ញៀវ​ទស្សនា​ប្រមាណ ២៥​លាន​នាក់ ក្នុងនោះ ៧០% មកពី​បរទេស​។​

​ព្រះរាជាណាចក្រ​កម្ពុជា បានបញ្ជាក់​ពី​ការចូលរួម​ក្នុង​ពិព័រណ៍​ពិភពលោក ឌុយ​បៃ​២០២០ កាលពី​ថ្ងៃទី​២០ ខែមិថុនា ឆ្នាំ​២០១៦ បន្ទាប់មក​គណៈកម្មកា​រ​អន្តរក្រសួង ដែល​ដឹកនាំ​ដោយ​ឯកឧត្តម ប៉ាន សូរ​ស័ក្តិ រដ្ឋមន្ត្រីក្រសួង​ពាណិជ្ជកម្ម និង​មាន​អគ្គនាយកដ្ឋាន​ជំរុញ​ពាណិជ្ជកម្ម ជា​លេខាធិការដ្ឋាន បាន​បំពេញការងារ​ជា​ហូរហែ​តាម​ដំណាក់កាល ជាមួយ​គណៈកម្មការ​រៀប​ចំ​ពិព័រណ៍​ពិភពលោក​ឌុយ​បៃ ដែល​មកដល់ពេលនេះ​កម្ពុជា បាន​ត្រៀមលក្ខណៈ​រួចរាល់​សម្រាប់​ការចូលរួម​នាពេលខាងមុខ​។

​ពិព័រណ៍​ពិភពលោក​ឌុយ​បៃ​២០២០ មាន​ប្រធានបទ “​ភ្ជាប់​ចិត្ត បង្កើត​អនាគត (Connecting Minds, Creating the Future) និង​មាន​ប្រធានបទ​រង​ចំនួន ៣​គឺ “ កាលានុវត្តន៍​ភាព ភាព​ឆ្ពោះទៅមុខ និង​ចីរភាព​(Opportunity, Mobility, and Sustainability)​។ ប្រទេស​កម្ពុជា បាន​ជ្រើ​រើសយក​ប្រធានបទ​រង​ទី ៣​គឺ ចីរភាព ស​ម្រា​បើ​ការចូលរួម​ក្នុង​ពិព័រណ៍​នេះ​។ គណៈកម្មការ​អន្តរក្រសួង​ដើម្បី​រៀបចំ និង​ចូលរួម​ពិព័រណ៍​ពិភពលោក និង​ពិព័រណ៍​ពាណិជ្ជកម្ម​អន្តរជាតិ គ្រោង​នឹង​រៀបចំ​សាងសង់​ពន្លា​ជាតិ​កម្ពុជា​នៅលើ​ផ្ទៃដី​ទំហំ ៣៨៥​ម៉ែត្រការ៉េ ចែកចេញជា ២​ជាន់ គឺ​ជាន់​ផ្ទាល់​ដី និង​ជាន់​ទី​១​។​

​ស្របតាម​ប្រធានបទ​របស់​ពិព័រណ៍​ពិភពលោក និង​ប្រធានបទ​រង ការរៀបចំ​កសាង​ពន្លា​ជាតិ​របស់​កម្ពុជា គឺ​៖ “​បង្ហាញ​ពី​ការ​ប្រ​បាច់​បញ្ចូល​គ្នា​ពី​ស្ថាបត្យកម្ម​ដ៏​ល្អ​ត្រចះត្រចង់ និង​ភាពល្បីល្បាញ​នៃ​វប្បធម៌​ពី​បុរាណ និង​ការអភិវឌ្ឍ​ក្នុងសម័យ​ទំនើប​ជា​និរន្តរ៍​។ គោលបំណង​សំខាន់ គឺ​កសាង​កេរ្តិ៍ឈ្មោះ​របស់​កម្ពុជា​លើ​ឆាក​អន្តរជាតិ​ឱ្យមាន​ភាពល្បីល្បាញ ស្ថិតស្ថេរ ទាក់ទាញ​ភ្ញៀវទេសចរ បង្ហាញ​ពីអ្វី​ជា​សក្តានុពល​ដែលជា​តួរ​អង្គ​នៃ​ការអភិវឌ្ឍ​សេដ្ឋកិច្ច​ជា​និរន្តរ៍ និង​ការផ្សព្វផ្សាយ​នូវ​សមិទ្ធិផល​នានា​។​

ការរៀបចំ​តុបតែង​ពន្លា​ជាតិ​រួមបញ្ចូល​ដោយ ៤ សម័យកាល គឺ សម័យមុន​អង្គរ​, សម័យអង្គរ​, សម័យ​លង្វែក ឬ​ឧ​ត្តុ​ង្គ និង សម័យ​ចតុមុខ ឬ​សម័យ​ភ្នំពេញ​បច្ចុប្បន្ន​។ ដើម្បី​ពន្យល់​បកស្រាយ​ជូន​អ្នកទស្សនា ឱ្យបាន​យល់ និង​ស្គាល់​ប្រទេស​កម្ពុជា ពន្លា​ជាតិ​រៀបចំឡើង ជា ៣ ផ្នែក​សំខាន់ៗ​ដូចជា​៖

-​ផ្នែក​ទី​១៖ ពន្យល់​អំពី​វប្បធម៌​បុរាណ (​សម័យអង្គរ​ដ៏​រុងរឿង​)

​ផ្នែក​នេះ​ត្រូវបាន​តុបតែង​លម្អ​នូវ​អ្វីដែល​ទាក់ទង​នឹង​វប្បធម៌​, សង្គម​ស៊ីវីល័យ​នា​សម័យបុរាណ និង​មាន​ដាក់តាំង​លម្អ​នូវ​រូបភាព វត្ថុ​សិល្បៈ​កម្ម និង​វត្ថុ​ចម្លង​ពី​ប្រវត្តិសាស្ត្រ​វប្បធម៌​ច្នៃប្រឌិត​សម័យបុរាណ បង្ហាញ​នូវ​សកម្មភាព​ការ​ឆ្លាក់​រូប គូ​គំនូរ​ដោយ​វិចិត្រករ​ខ្មែរ ក្នុងន័យ​បង្ហាញ​ពី​ទិដ្ឋភាព​រស់​រវើក​របស់​ជីវ​ភាព​រស់នៅ​របស់​ប្រជាជន និង​ទេសភាព​ស្រស់បំព្រង​រប​ស់​ប្រទេស​កម្ពុជា ដើម្បី​ទាក់ទាញ​ចំណាប់អារម្មណ៍​ភ្ញៀវ​ទស្សនា​។​

-​ផ្នែក​ទី​២៖ ពន្យល់​អំពី​ធម្មជាតិ ប្រព័ន្ធ Ecosystem វិស័យ​កសិកម្ម ឆ្នេរសមុទ្រ​ដ៏​ស្រស់ស្អាត

និង​ប្រវត្តិ​នៃ​វិស័យ​កសិកម្ម​កម្ពុជា ដែល​នៅមាន​វត្តមាន​ដល់​សព្វថ្ងៃ​។ យើង​ក៏មាន​រៀបចំ​ឱ្យមាន​ម​គ្គុ​ទេស​ណែនាំ​ដើម្បី​រង់ចាំ​ពន្យល់​ភ្ញៀវ ដែលមាន​ចម្ងល់ ឬ​សួ​នាំ​ព័ត៌មាន​ពី​កិច្ចការ​ធុរកិច្ច​និង វិនិយោគ លើ​វិស័យ​កសិកម្ម ទេសចរណ៍​ផងដែរ​។​

-​ផ្នែក​ទី​៣៖ ពន្យល់​អំពី​វប្បធម៌​សម័យ​ទំនើប និង​សកម្មភាព​សេដ្ឋកិច្ច​៖ រួមបញ្ចូល​គ្នា​ដើម្បី​អភិវឌ្ឍ​ប្រកបដោយ​និរន្តរភាព​

​ផ្នែក​នេះ​បង្ហាញ​ពី​វប្បធម៌​ក្នុងសង្គម​ស៊ីវីល័យ និង​របៀប​រស់នៅ​រប​ស់​ប្រជាជន​កម្ពុជា ក្នុងសម័យ​ភ្នំពេញ​បច្ចុប្បន្ន និង​ការអភិវឌ្ឍ​សេដ្ឋកិច្ច​ប្រកបដោយ​ចីរភាព​។ យើង​មាន​រៀបចំ​ឆាក​សម្រាប់​ការសម្តែង​សិល្បៈ​ប្រពៃណី​ជាប្រចាំ​ដោយ​ក្រុម​សិល្បករ​កម្ពុជា​។ មាន​តំបន់​លក់ដូរ​ទំនិញ​សម្រាប់​បង្កើត​សកម្មភាព​ទីផ្សារ​។ មាន​អ្នកប្រចាំការ​ដើម្បី​រង់ចាំ​ផ្តល់ព័ត៌មាន​នានា​ជូន​ភ្ញៀវ​ទស្សនា​ជាប្រចាំ​។​

​ផ្នែក​ទាំងបី​ខាងលើ​រួមបញ្ចូល​គ្នា​នឹងធ្វើ​ឱ្យ​ពន្លា​ជាតិ​កម្ពុជា​លេចធ្លោរ​ឡើង អ្នកទស្សនា​អាច​ឈ្វេង យល់​ពី​ប្រវត្តិសាស្ត្រ​ដ៏​រុងរឿង​ពី​សម័យកាល​មុន របស់​ប្រទេស​កម្ពុជា ដែលមាន​បន្សល់ទុករ​ហូត​មកដល់​បច្ចុប្បន្ន ស្របតាម​ប្រធានបទ​រង​ដែល កម្ពុជា​បានជ្រើសរើស​យក គឺ Sustainability​។​

Menu