អំពីពិព័រណ៍ចិន-អាស៊ាន នៅទីក្រុងណាននីង តំបន់ស្វយ័តក្វាងស៊ី សាធារណរដ្ឋប្រជាមានិតចិន
ពិព័រណ៍ចិន-អាស៊ាន ត្រូវបានរៀបចំប្រចាំឆ្នាំនៅទីក្រុងណាននីង តំបន់ស្វយ័តក្វាងស៊ី សាធារណរដ្ឋប្រជា មានិតចិន ដោយចាប់ផ្តើមរៀបចំជាលើកដំបូងនៅក្នុងឆ្នាំ២០០៤ តាមគំនិតផ្តួចផ្តើម និងការស្នើសុំដោយឯកឧត្តម វិន ជាបាវ អតីតនាយករដ្ឋមន្ត្រីនៃសាធារណរដ្ឋប្រជាមានិតចិន នាកិច្ចប្រជុំកំពូលអាស៊ាន-ចិន លើកទី៧ ហើយត្រូវបានទទួលការស្វាគមន៍ពីបណ្តាថ្នាក់ដឹកនាំនៃប្រទេសអាស៊ានទាំងអស់។ ព្រឹត្តិការណ៍ពិព័រណ៍នេះជា វេទិកាមួយសម្រាប់ជំរុញសកម្មភាពពាណិជ្ជកម្ម វិនិយោគ សេដ្ឋកិច្ច ទេសចរណ៍ ទំនាក់ទំនងការទូត ទំនាក់ទំនង រវាងប្រជាជន និងប្រជាជន និងជាយុទ្ធសាស្ត្រនៃកិច្ចសហប្រតិបត្តិការគ្រប់ជ្រុងជ្រោយរវាងចិន និង អាស៊ាន។ ពិព័រណ៍ចិន-អាស៊ាន សហការរៀបចំដោយក្រសួងពាណិជ្ជកម្មនៃសាធារណរដ្ឋប្រជាមានិតចិន និងក្រសួង ពាណិជ្ជកម្មនៃបណ្តាប្រទេសអាស៊ាន ទាំង១០ និងលេខាធិការដ្ឋានអាស៊ាន។ ប្រទេសចិន និងអាស៊ានត្រូវទទួល ធ្វើជាប្រទេសកិត្តិយសតាមការឆ្លាសវេណតាមលំដាប់តួអក្សរ។ បច្ចុប្បន្ន តាមរយៈពិព័រណ៍ចិន-អាស៊ាន បានធ្វើឱ្យ ទំនាក់ទំនងកិច្ចសហប្រតិបត្តិការរវាងចិន និងអាស៊ានឈានដល់កម្រិតកំពូល និងឈានទៅរកយុគ្គសម័យថ្មីមួយ នៃការចែករំលែកកាលានុវត្តភាពធុរកិច្ច និងចែករំលែកផលប្រយោជន៍គ្នាទៅវិញទៅមក ក្នុងក្របខណ្ឌកិច្ចព្រមព្រៀង ពាណិជ្ជកម្មសេរីរវាងចិន និងអាស៊ាន។

ការចូលរួមរបស់កម្ពុជាក្នុងពិព័រណ៍ចិន-អាស៊ាន ពីមួយឆ្នាំទៅមួយឆ្នាំ បានធ្វើឲ្យមានការកើនឡើងទាំង ចំនួនក្រុមហ៊ុន ទាំងពាណិជ្ជករ និងអាជីវករ។
កម្ពុជាបានចូលរួមព្រឹត្តិការណ៍នេះជារៀងរាល់ឆ្នាំ និងទទួលបានការគាំទ្រពីថ្នាក់ដឹកនាំប្រទេសចិន ហើយផលិតផលកម្ពុជា ក៏ត្រូវបានគេទទួលស្គាល់ក្នុងទីផ្សារអន្តរជាតិផងដែរ។ ជា មួយគ្នានេះ ក្រុមហ៊ុនកម្ពុជាមួយចំនួនមានភាពម្ចាស់ការជាបណ្តើរៗ តាមរយៈការចូលរួមព្រឹត្តិការណ៍នេះ។ ដោយឡែកសិល្បៈ និងវប្បធម៌ដ៏ប្រពៃរបស់កម្ពុជា ក៏ត្រូវបានផ្សព្វផ្សាយផងដែរតាមរយៈការសម្តែង និងការបង្ហាញនៅពន្លាជាតិរបស់ខ្លួន។ កម្ពុជា បាននាំយកផលិតផលពាក់ព័ន្ធវិស័យកសិកម្ម ផលិតកម្ម បច្ចេកវិទ្យា ការបង្កើតថ្មី កិច្ចសហប្រតិបត្តិការក្នុងតំបន់ វិទ្យាសាស្ត្រ សេវាកម្មទូទៅ ទៅចូលរួមដាក់តាំងបង្ហាញដើម្បីចាប់ដៃគូពាណិជ្ជកម្ម និងវិនិយោគជាមួយពាណិជ្ជករចិន។
ហេតុអ្វីកម្ពុជាត្រូវចូលរួមក្នុងពិព័រណ៍ចិន-អាស៊ាន
- ជាវេទិកានៃទំនាក់ទំនងកិច្ចសហប្រតិបត្តិការគ្រប់ជ្រុងជ្រោយរវាងចិន និងអាស៊ាននិយាយជារួម និងរវាង ចិន និងកម្ពុជានិយាយដោយឡែក។
- បង្ហាញពីភាពស្មើមុខ ស្មើមាត់ ស្មើសិទ្ធ និងស្មើភាពគ្នារបស់កម្ពុជា ក្នុងគ្រប់កិច្ចការតំបន់ និងនៅលើឆាក អន្តរជាតិ
- ផ្សព្វផ្សាយអំពីផលិតផលសក្តានុពលរបស់កម្ពុជា
- ស្វែងរកទីផ្សារនាំចេញទំនិញពីកម្ពុជា និងពង្រឹងភាពជាម្ចាស់នៃវិស័យឯកជនឲ្យមានបណ្តាញជាអន្តរជាតិ
- ទាក់ទាញវិនិយោគពីបរទេសឲ្យចូលមកកម្ពុជា តាមរយៈការរៀបចំវេទិកាធុរកិច្ច និងកិច្ចពិភាក្សាធុរកិច្ច
- ពង្រឹងកិច្ចសហប្រតិបត្តិការល្អលើវិស័យសេដ្ឋកិច្ច ពាណិជ្ជកម្ម ទំនាក់ទំនងការទូត រវាងកម្ពុជា-ចិន និងរវាងកម្ពុជា ជាមួយប្រទេសនានាក្នុងតំបន់ ជាពិសេសបណ្តាប្រទេសអាស៊ាន
- ផ្សព្វផ្សាយវប្បធម៌ អរិយធម៌ខ្មែរដ៏ល្អផូរផង់លើឆាកអន្តរជាតិ។
ក្នុងឱកាសនៃការចូលរួមរៀបចំពិព័រណ៍នេះ កម្ពុជា បានចូលរួមវេទិកាធុរកិច្ច និងវិនិយោគនានា ដែលរៀបចំ ឡើងដោយភាគីចិន ដើម្បីទទួលបានព័ត៌មានថ្មីៗ និងមានឱកាសបានជួបចរចារដោយផ្ទាល់ជាមួយដៃគូពាណិជ្ជកម្ម វិនិយោគរបស់ខ្លួន ដើម្បីផ្លាស់ប្តូរ និងពង្រីសកម្មភាពពាណិជ្ជកម្ម។ ក្នុងអំឡុងពេលនេះ កម្ពុជា មានរៀបចំវេទិកាធុរកិច្ច វិនិយោគ និងទេសចរណ៍ និងពិធីចុះកិច្ចសន្យាពាណិជ្ជកម្មរវាងក្រុមហ៊ុនចិន និងក្រុមហ៊ុនកម្ពុជាផងដែរ។ ដើម្បីទាក់ទាញការចូលរួមទស្សនារបស់ភ្ញៀវ កម្ពុជា បានរៀបចំកសាងពន្លាជាតិនៅលើទីតាំងទំហំ១៨០ ម៉ែត្រការ៉េ ដោយបានជ្រើសរើសយករាជធានី- ខេត្តនៃប្រទេសកម្ពុជាធ្វើជារាជធានី ឬ ខេត្តស្រស់ប្រិមប្រីយតាមការឆ្លាស វេណ និងបានរៀបចំផ្ទះរួមទំហំ៣៦ម៉ែត្រការ៉េ និងស្តង់ពាណិជ្ជកម្មជាង ១០០ស្តង់ក្នុងមួយលើកៗ ដើម្បីបង្កើត វេទិកាពាណិជ្ជកម្មជូនក្រុមហ៊ុនកម្ពុជាបានចាប់ដៃគូពាណិជ្ជកម្មជាមួយពាណិជ្ជករចិន និងអាស៊ាន។ ចាប់ពី ឆ្នាំ២០០៤ រហូតដល់ឆ្នាំ២០១៩ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី បានអញ្ជើញចូល រួមក្នុង ព្រឹត្តិការណ៍ខាងលើចំនួន ១១ លើក។

ក្រោមគំនិតផ្តួចផ្តើមខ្សែក្រវ៉ាត់ និងផ្លូវ របស់រដ្ឋាភិបាលចិន ពិព័រណ៍ចិន-អាស៊ាន បានដើរតួនាទីដ៏សំខាន់ ក្នុងការភ្ជាប់ទំនាក់ទំនងកិច្ចសហប្រតិបត្តិការគ្រប់ជ្រុងជ្រោយកម្ពុជា-ចិន។ ក្នុងន័យនេះ កម្ពុជា-ចិន នឹងធ្វើការរួមគ្នា ឱ្យបានច្រើនថែមទៀត ដើម្បីសម្រេចគោលដៅក្នុងការពង្រីកទំហំពាណិជ្ជកម្មឱ្យដល់ ១០ ពាន់លានដុល្លារ តាមការ រំពឹងទុកនាឆ្នាំ២០២៣ ខាងមុខ។ បច្ចុប្បន្ន ប្រទេសកម្ពុជា បាននាំចូលផលិតផលកសិកម្មដែលមានសក្កានុពលមួយ ចំនួនមកទីផ្សារចិនរួចហើយ មានដូចជា អង្ករ ចេក ស្វាយ ដំឡូងមី និងពោត ហើយនឹងកំពុងបន្តស្នើសុំភាគីចិន ជួយពន្លឿនការចរចារពិធីសារអនាម័យ និងភូតគាមអនាម័យលើផលិតផលកសិកម្មមួយចំនួនទៀត ដើម្បីឈានទៅ ចុះហត្ថលេខាសម្រាប់ការនាំចេញ ផ្លែមៀន ម្នាស់ ធុរេន ស្រកានាគ ម្រេច គ្រាប់ស្វាយចន្ទី គ្រាប់កាហ្វេ ស្កសរ ដូង និងសំបុកទឹកមាត់ត្រចៀកកាំ។ កម្ពុជានៅតែគាំទ្រនិងបន្តចូលរួមក្នុងព្រឹត្តិការណ៍ពិព័រណ័ចិន-អាស៊ាននាបណ្តាឆ្នាំ ក្រោយៗទៀត និងខិតខំនាំយកទំនិញគុណភាពខ្ពស់ផលិតនៅកម្ពុជា ទៅចូលរួមក្នុងព្រឹត្តិការណ៍ខាងលើ៕
ព្រះរាជាណាចក្រកម្ពុជា ចូលរួម ពិព័រណ៍ចិន-អាស៊ាន លើកទី១៥ ឆ្នាំ២០១៨ និង វេទិកានានា នៅទីក្រុងណាននីង ខេត្តក្វាងស៊ី សាធារណរដ្ឋប្រជាមានិតចិន
ក្នុងនាមជាប្រទេសកិត្តិយសលើកទី២ កម្ពុជា មានភ័ព្វសំណាង ដែលសម្តេចតេជោនាយករដ្ឋមន្ត្រី បានដឹកនាំគណៈប្រតិភូកម្ពុជា អញ្ជើញចូលរួមបើកសម្ពោធ ‘‘ពិព័រណ៍ចិន-អាស៊ាន លើកទី១៥ ឆ្នាំ២០១៨ និងជាឱកាសរំលឹកខួបអនុស្សាវរីយ៍លើកទី១៥ នៃការរៀបចំពិព័រណ៍ចិន-អាស៊ាន និងអបអរសាទរខួបអនុស្សាវរីយ៍លើកទី៦០ នៃទំនាក់ទំនងការទូតរវាងកម្ពុជា-ចិន។ ‘‘ពិព័រណ៍ចិន-អាស៊ាន លើកទី១៥’’ ត្រូវបានបើកសម្ពោធជាផ្លូវការ នៅព្រឹកថ្ងៃទី១២ ខែកញ្ញា ឆ្នាំ២០១៨ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា និង ឯកឧត្ត ហាន ចឹង (HAN ZHENG) ឧបនាយករដ្ឋមន្ត្រីនៃសាធារណរដ្ឋប្រជាមានិតចិន។ ប្រធានបទនៃពិព័រណ៍ឆ្នាំនេះគឺ រួមគ្នាកសាងវិថីសូត្រសមុទ្រសតវត្សរ៍ ទី២១៖ បង្កើតសហគមន៍ចិន-អាស៊ានប្រកបដោយ នវានុវត្តន៍ ដែលផ្តោតសំខាន់លើការតាំងបង្ហាញផលិតផល ប្រើប្រាស់ទូទៅ បច្ចេកវិទ្យាព័ត៌មាន គ្រឿងម៉ាស៊ីន និងសេវាកម្ម អមដោយការរៀបចំវេទិកាពាណិជ្ជកម្ម និងកិច្ចប្រជុំនានា ដើម្បីពង្រឹង កិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច ពាណិជ្ជកម្ម ទំនាក់ទំនងការទូត ទេសចរណ៍ និងវប្បធម៌ ជា ពិសេសចាប់ដៃគូធុរកិច្ច និងវិនិយោគរវាងវិស័យឯកជន នៃប្រទេសបណ្តាអាស៊ាន និងចិន។
នៅក្នុងឆ្នាំនេះក្រសួងពាណិជ្ជកម្មបានរៀបចំពន្លាជាតិមួយដែលមានទំហំ ៣០៤ម៉ែត្រក្រឡា (១៦មx ១៩ម) ដោយជ្រើសយកខេត្តកំពង់ធំ ជាខេត្តស្រស់ប្រិមប្រិយ នៃព្រះរាជាណាចក្រកម្ពុជា (Charming City) ស្របតាមប្រធានបទនៃពិព័រណ៍។ ពន្លាជាតិកម្ពុជា ត្រូវបានតុបតែងតាមរចនាបទប្រាសាទសំបូរព្រៃគុក អមដោយ គំនូរ ទេសភាពប្រាសាទសំបូរព្រៃគុក និងប្រាសាទអង្គរវត្ត និងមានឆាកនៅចំកណ្តាលសម្រាប់ កម្មវិធីសម្តែងសិល្បៈប្រចាំថ្ងៃជូនភ្ញៀវទស្សនា។ ផ្នែកនៅខាងក្នុង មានរៀបចំដាក់តាំងបង្ហាញផលិតផលសក្កានុពលចម្រុះទាក់ទងវិស័យកសិកម្ម និងកសិ-ឧស្សាហកម្ម សកម្មភាពជំរុញពាណិជ្ជកម្ម សេដ្ឋកិច្ច វិនិយោគ និងទេសចរណ៍។
ដោយឡែក សម្រាប់ស្តង់ពិពរណ៍ពាណិជ្ជកម្មកម្ពុជា ត្រូវបានរៀបចំនៅទីតាំងទំហំ ៤៥មx៦០ម ដែលមានស្តង់សរុប ១៤៥ ក្នុងនោះ មានផ្ទះរួម (Common House) មួយខ្នងទំហំ ៦មx៦ម រចនាយ៉ាងស្អាតជារបៀបខ្មែរ និងដាក់តាំងផលិតផលខ្មែរគ្រប់ប្រភេទ។ ស្តង់ពិព័រណ៍ពាណិជ្ជកម្មនេះ ត្រូវបានគណៈប្រតិភូកម្ពុជា ដឹកនាំដោយ ឯកឧត្តមឧបនាយករដ្ឋមន្រី្ត ហោ ណាំហុង តំណាងដ៏ខ្ពង់ខ្ពស់ សម្តេចតេជោនាយករដ្ឋមន្រី្ត ផ្តល់កិត្តិយសកាត់ខ្សែបូរសម្ពោធ នៅព្រឹកថ្ងៃទី ១២ ខែកញ្ញា ឆ្នាំ២០១៨ ដើម្បីផ្តល់ឪកាសជូន ក្រុមហ៊ុនចូលរួមចំនួន ៩៩ ធ្វើការដាក់លក់ផលិតផល និងស្វែងរកដៃគូអាជីវកម្ម ក្នុងនោះមានផ្នែកកសិកម្មចំនួន ៤៧ស្តង់, ផ្នែកគម្រោងវិនិយោគ និងសេវាកម្មចំនួន ៣៧ស្តង់, ផ្នែកម្ហូបអាហារ និងភេសជ្ជះ ចំនួន២៣ស្តង់, ផ្នែកគ្រឿង អលង្ការ ចំនួន១៤ស្តង់, ផ្នែកសិប្បកម្ម និងវត្ថុ អនុស្សាវរីយ៍ចំនួន ២៣ស្តង់។ ពាណិជ្ជករ និងអាជីវករកម្ពុជា ដែល បានចូលរួមពិពរណ៍ ពាណិជ្ជកម្មឆ្នាំនេះ មានចំនួន ៣៩៧នាក់ ហើយអ្នកស្វែងរកដៃគូធ្វើធុរកិច្ចមានចំនួន ៣៥ក្រុមហ៊ុន។
ការរៀបចំវេទិកាជំរុញពាណិជ្ជកម្ម វិនិយោគ និងទេសចរណ៏
ដោយមានកិច្ចសហការពីគណៈកម្មការរៀបចំពិព័រណ៍ចិន-អាស៊ាន ក្រសួងពាណិជ្ជកម្មបានរៀបចំ វេទិកាស្តីពី ការជំរុញពាណិជ្ជកម្ម វិនិយោគ និងទេសចរណ៍នៅកម្ពុជា នៅព្រឹកថ្ងៃទី១៣ ខែកញ្ញា ឆ្នាំ២០១៨ ក្រោមអធិបតីភាព ឯកឧត្តម ឈួន ដារ៉ា រដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម និងលោកជំទាវ យ៉ាន ចឺចាន់ (YAN ZHICHAN) អភិបាលរងតំបន់ស្វយ័តក្វាងស៊ី នៃសាធារណរដ្ឋប្រជាមានិតចិន ដើម្បីផ្សព្វផ្សាយពីកាលានុវត្តភាព នៃការធ្វើធុរៈកិច្ច នៅកម្ពុជា ជូនអ្នកចូលរួមជាពាណិជ្ជករជនជាតិចិន និងពាណិជ្ជករមកពីបណ្តាប្រទេសក្នុងតំបន់ ប្រមាណជាង ៥០០ នាក់។
តាមរយៈព្រឹត្តិការណ៍នេះ អនុស្សរណៈយោគយល់ចំនួន១២ ដែលមានទឹកប្រាក់វិនិយោគបឋមជាង ៨០លាន ដុល្លារអាមេរិក ត្រូវបានចុះហត្ថលេខា រវាងក្រុមហ៊ុនកម្ពុជា និង ក្រុមហ៊ុនចិន ពាក់ពន្ធ័នឹងវិស័យបណ្តុះបណ្តាល ធនធានមនុស្ស ផ្លាស់ប្តូរបេសកកម្ម និងការអភិវឌ្ឍសេដ្ឋកិច្ច ពាណិជ្ជកម្ម វិនិយោគ ទេសចរណ៏ វប្បធម៌។
កិច្ចប្រជុំវាយតម្លៃពីសកម្មភាពនៃការរៀបចំ និងចូលរួមពិពរណ៍ចិន- អាស៊ាន
ក្រសួងពាណិជ្ជកម្មបានចូលរួមកិច្ចប្រជុំថ្នាក់ឧត្តមមន្ត្រីនៃប្រទេសចិន-អាស៊ានដែលរៀបចំដោយគណៈកម្មការរៀបចំពិពរណ៍ចិន-អាស៊ាន ដើម្បីធ្វើការវាយតម្លៃពីលទ្ធផលការងារ និងទទួលយកសំណូមពរសម្រាប់កែលម្អការរៀបចំពិពរណ៍ចិន-អាស៊ាននៅឆ្នាំក្រោយៗទៀត។ នៅក្នុងកិច្ចប្រជុំប្រទេសទាំងអស់បានវាយតម្លៃខ្ពស់ពីលទ្ធផលនៃការរៀបចំនិងបានអបអរចំពោះប្រទេសកម្ពុជាដែលបានបំពេញតួនាទីជាប្រទេសកិត្តិយសល្អក្នុងព្រឹត្តិការណ៍ពិព័រណ៍ឆ្នាំនេះ។ តាមរយៈកិច្ចប្រជុំនេះកម្ពុជាត្រូវបានគណៈកម្មាការរៀបចំពិព័រណ៍ប្រកាស និងផ្តល់ពានរង្វាន់ចំនួនបួនគឺ៖
- ពានរង្វាន់ជាប្រទេសកិត្តិយស
- ពានរង្វាន់ជាអ្នករៀបចំវិស័យឯកជនល្អជាងគេ
- ពានរង្វាន់ពន្លាជាតិល្អជាងគេ
- ពានរង្វាន់គណៈកម្មការរៀបចំលេចធ្លោ។
កម្ពុជាចូលរួមពិព័រណ៍ចិន-អាស៊ាន លើកទី១៦ នៅទីក្រុងណាននីង ខេត្តក្វាងស៊ី ប្រទេសចិន ចាប់ពីថ្ងៃទី២១-២៤ ខែកញ្ញា ឆ្នាំ២០១៩
ក្រសួងពាណិជ្ជកម្ម៖ “ពិព័រណ៍ចិន-អាស៊ាន លើកទី១៦ ឆ្នាំ២០១៩” ត្រូវបានរៀបចំឡើងក្រោមប្រធានបទ “ជំរុញការកសាងខ្សែក្រវាត់ និងផ្លូវដើម្បីសម្រេចបាននូវចក្ខុវិស័យនៃសហគមន៍មួយ ដែលមានការចែករំលែកនាពេលអនាគត” ដោយផ្តោតសំខាន់លើគម្រោងកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច ពាណិជ្ជកម្ម និងវិនិយោគលើវិស័យសំខាន់ៗដូចជា៖ វិស័យកសិកម្ម ឧស្សាហកម្ម សំណង់ ហិរញ្ញវត្ថុ និងទូរគមនាគមន៍ព័ត៌មានវិទ្យា ដោយមានការតាំងបង្ហាញនូវផលិតផលចម្រុះប្រើប្រាស់ទូទៅ គ្រឿងម៉ាស៊ីន និងបច្ចេកវិទ្យា សេវាកម្ម គម្រោងវិនិយោគ និងទេសចរណ៍ របស់ប្រទេសចិន និងអាស៊ាន និងការរៀបចំវេទិកាពាណិជ្ជកម្ម វិនិយោគ ទេសចរណ៍ និងកិច្ចប្រជុំនានា ក្នុងគោលបំណងតភ្ជាប់ទំនាក់ទំនងកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច ពាណិជ្ជកម្ម វិនិយោគ ទេសចរណ៍ ការទូត ការផ្លាស់ប្តូរវប្បធម៌ និងជាវេទិកាជំរុញវិស័យឯកជនឲ្យចាប់ដៃគូធ្វើពាណិជ្ជកម្ម និងវិនិយោគរួមគ្នា។
ទំហំទីតាំងរៀបចំ“ពិព័រណ៍ចិន-អាស៊ាន លើកទី១៦ ឆ្នាំ២០១៩” មានក្រឡាផ្ទៃ134,000m2 ធំជាងបណ្តាឆ្នាំកន្លងទៅ10,000m2 ដែលមានស្តង់សរុបចំនួន 7,000 ស្តង់។ ប្រទេសអាស៊ានចំនួន ៧ បានរៀបចំសាងសង់ពន្លាជាតិផ្ទាល់ខ្លួនរួមមាន កម្ពុជា ឥណ្ឌូណេស៊ី ឡាវ មាឡេស៊ី ភូមា ថៃឡង់ដ៍ និងវៀតណាម ដែលមានស្តង់សរុបចំនួន ១៥៤៨ស្តង់។ ក្នុងអំឡុងពេលពិព័រណ៍ មានវេទិកាជំរុញធុរកិច្ច និងវិនិយោគ ចំនួន ៩០ផ្សេងៗគ្នា ត្រូវបានរៀបចំឡើង និងមាន ជំនួបពាណិជ្ជកម្ម ចំនួន ៥០០ លើករវាងពាណិជ្ជករ និងពាណិជ្ជករ រៀបចំឡើងដោយអាស៊ាន និងចិន។
“ពិព័រណ៍ចិន-អាស៊ាន លើកទី១៦” ត្រូវបានបើកសម្ពោធជាផ្លូវការនៅព្រឹកថ្ងៃទី២១ ខែកញ្ញា ឆ្នាំ២០១៩ ក្រោមអធិបតីភាព ឯកឧត្ដម ហាន ចឹង (HAN ZHENG) ឧបនាយករដ្ឋមន្ត្រី នៃសាធារណរដ្ឋប្រជាមានិតចិន។ ឯកឧត្តម ហោ ណាំហុង ឧបនាយករដ្ឋមន្ត្រីកម្ពុជា ក៏បានអញ្ជើញចូលរួមថ្លែងសុន្ទរកថា ក្នុងពិធីបើកសម្ពោធដ៏មហោឡារិកនោះដែរ។ ក្នុងឱកាសបន្ទាប់ពីពិធីសម្ពោធបានបញ្ចប់ ឯកឧត្តម ហោ ណាំហុង ឧបនាយករដ្ឋមន្ត្រី បានផ្តល់កិត្តិយសធ្វើជាសាក្សី ក្នុងពិធីចុះហត្ថលេខាលើអនុស្សរណៈយោគយល់គ្នា ស្តីពី កិច្ចសហប្រតិបត្តិការលើការបណ្តុះបណ្តាលជំនាញ និងការអភិវឌ្ឍធនធានមនុស្សក្នុងវិស័យទេសចរណ៍ រវាងក្រសួងទេសចរណ៍ នៃព្រះរាជាណាចក្រកម្ពុជា តំណាងដោយ ឯកឧត្តម ថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍ និងមហាវិទ្យាល័យជំនាញសរសេរកម្មវិធី នៃសាកលវិទ្យាល័យហេណាន់ណរម៉ល (College of Software of Henan Normal University) សាលាបណ្តុះបណ្តាលបច្ចេកទេសឧស្សាហកម្មធុនស្រាលក្វាងស៊ីទី២ (Guangxi Second Light Industry Senior Technical School) និងក្រុមហ៊ុនវិនិយោគលើការអប់រំហានស៊ីក្វាងស៊ី (Guangxi Hansi Education Investment Co., Ltd) នៃប្រទេសចិន។
ពន្លាជាតិកម្ពុជា ត្រូវបានរៀបចំលើទីតាំងមួយដែលមានទំហំ ១៨០ ម៉ែត្រក្រឡា (៩មx២០ម) ដោយជ្រើសរើសយក ខេត្តកំពត ជាខេត្តស្រស់ប្រិមប្រិយ នៃព្រះរាជាណាចក្រកម្ពុជា(Charming City)ស្របតាមប្រធានបទនៃពិព័រណ៍។ ពន្លាជាតិកម្ពុជា សាងសង់តាមលំនាំរចនាបទខ្មែរសម័យចតុមុខ និងមានការតុបតែងលម្អផ្នែកខាងក្នុងរំលេចដោយរូបភាពរមណីដ្ឋានឧទ្យានជាតិភ្នំបូកគោ ស្រែអំបិល តំបន់អេកូទេសចរណ៍នានាក្នុងខេត្តកំពត និងមានដាក់តាំងផលិតផលសក្តានុពលរបស់ខេត្តដូចជា ម្រេចកំពត ផ្កាអំបិល អង្ករ ផលិតផលកសិកម្ម សិប្បកម្ម គម្រោងវិនិយោគ និងគោលដៅទេសចរណ៍ដែលជាសកម្មភាពពាណិជ្ជកម្ម វិនិយោគ និងទេសចរណ៍របស់ខេត្តកំពត។
នៅឆ្នាំ២០១៩ នេះ ស្តង់ពិព័រណ៍ពាណិជ្ជកម្មកម្ពុជា ត្រូវបានរៀបចំលើទីតាំងទំហំ ៤៥មx៦០ម ដែលមានស្តង់សរុបចំនួន ១៤៥ ក្នុងនោះ មានផ្ទះរួមមួយខ្នងទំហំ ៦មx៦ម រចនាយ៉ាងស្អាតជារបៀបខ្មែរ និងមានដាក់តាំងផលិតផលខ្មែរគ្រប់ប្រភេទ។ ឯកឧត្តម ហោ ណាំហុង ឧបនាយករដ្ឋមន្ត្រី បានផ្តល់កិត្តិយសអញ្ជើញកាត់ខ្សែបូសម្ពោធពន្លាជាតិ និងស្តង់ពិព័រណ៍ពាណិជ្ជកម្មកម្ពុជា។ ស្តង់ទាំងនោះ ត្រូវបានផ្ដល់ជូនក្រុមហ៊ុនចំនួន ៩៩ ក្រុមហ៊ុន រួមមាន ៖ ផ្នែកកសិកម្មចំនួន ៤១ស្តង់ ស្មើ ២៨ភាគរយ, សិប្បកម្ម ៣៥ស្តង់ ស្មើ ២៤ភាគរយ, គម្រោងវិនិយោគ និងសេវាចំនួន ២៨ស្តង់ ស្មើ ១៩ភាគរយ, ម្ហូបអាហារ និងភេសជ្ជៈចំនួន ២២ស្តង់ ស្មើ១៥ភាគរយ, គ្រឿងអលង្ការ និងវត្ថុអនុស្សាវរីយ៍ចំនួន ១៩ស្តង់ ស្មើ ១៣ភាគរយ។ ចូលរួមក្នុងព្រឹត្តិការណ៍នេះ មានពាណិជ្ជករ អាជីវករកម្ពុជាជាអ្នកតាំងពិព័រណ៍ចំនួន ៣៨៦នាក់ និងអ្នកស្វែងរកដៃគូធុរកិច្ច និងវិនិយោគជាមួយភាគីចិន ចំនួន ៣៥នាក់។
ការរៀបចំវេទិកាជំរុញពាណិជ្ជកម្ម វិនិយោគ និងទេសចរណ៍៖
នៅរសៀលថ្ងៃទី២២ ខែកញ្ញា ឆ្នាំ២០១៩ ដោយមានកិច្ចសហការពីរដ្ឋបាលខេត្តក្វាងស៊ី និងគណៈកម្មការរៀបចំពិព័រណ៍ចិន-អាស៊ាន ក្រសួងពាណិជ្ជកម្មកម្ពុជា បានរៀបចំវេទិកាជំរុញធុរកិច្ច វិនិយោគ និងទេសចរណ៍ ស្តីពី “កម្ពុជារៀបចំទិសដៅដើម្បីទាក់ទាញធុរជន វិនិយោគិន និងអ្នកទេសចរពីប្រទេសចិន” ក្រោមអធិបតីភាព ឯកឧត្តម ឈួន ដារ៉ា រដ្ឋលេខាធិការ តំណាង ឯកឧត្តម ប៉ាន សូរស័ក្តិ រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម និង ឯកឧត្តម ហាង តៅ វេ (HANG Dao Wei) អនុលេខាបក្សកម្មុយនីសចិន និងជាអនុប្រធានប្រចាំតំបន់ក្វាងស៊ីឈួន ដោយមានអ្នកចូលរួមប្រមាណ ៤០០ នាក់។ គោលបំណង នៃការរៀបចំវេទិកានេះ គឺដើម្បីផ្សព្វផ្សាយពីកាលានុវត្តភាព នៃការធ្វើធុរកិច្ច វិនិយោគ និងទេចរណ៍នៅកម្ពុជា ជូនអ្នកចូលរួមជាពាណិជ្ជករជនជាតិចិន និងពាណិជ្ជករមកពីបណ្តាប្រទេសក្នុងតំបន់ និងដើម្បីកៀរគរវិនិយោគទុន និងភ្ញៀវទេសចរណ៍ពីប្រទេសចិន មកកាន់កម្ពុជា ជាពិសេសដើម្បីរឹតចំណងមិត្តភាព កិច្ចសហប្រតិបត្តិការនយោបាយ ការទូត សេដ្ឋកិច្ច ពាណិជ្ជកម្ម វិនិយោគ និងទេសចរណ៍ និងជំរុញកំណើនសេដ្ឋកិច្ច រវាងប្រទេសទាំងពីរកម្ពុជា-ចិន។
ការចូលរួមវេទិកា និងកិច្ចប្រជុំពាក់ព័ន្ធ
ក្នុងអំឡុងពេលពិព័រណ៍ខាងលើ ឯកឧត្តម ប៉ាន សូរស័ក្តិ រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម បានដឹកនាំសមាជិកគណប្រតិភូអន្តរក្រសួង និងពាណិជ្ជករកម្ពុជា ចូលរួមថ្លែងសុន្ទរកថាក្នុងវេទិកា ថ្នាក់ដឹកនាំធុរកិច្ចចិន-អាស៊ាន រៀបចំនៅសណ្ឋាគារ Grand Metropark Nanning ដែលមានអ្នកចូលរួមជាពាណិជ្ជករ អ្នកវិនិយោគលើវិស័យហិរញ្ញវត្ថុ ធនាគារ E-Commerce ឡូជីស្ទីក និងសំណង់ និងបានចាត់តំណាងចូលរួមកិច្ចប្រជុំពាក់ព័ន្ធដូចខាងក្រោម៖
- កិច្ចប្រជុំតភ្ជាប់បណ្តាញទំនាក់ទំនងរវាងទីប្រឹក្សាពាណិជ្ជកម្ម នៃស្ថានទូតប្រទេសអាស៊ាន ប្រចាំនៅប្រទេសចិន និងធនាគារឹក និងអ្នកវិនិយោគចិន រៀបចំនៅសណ្ឋាគារ Nanning Mingdu Lakeside
- វេទិកា ASEAN Renminibi Forum
- The 5th China-ASEAN Summit for Drug Development and Cooperation រៀបចំនៅសណ្ឋាគារ Guangxi Red Forest ។
កិច្ចប្រជុំវាយតម្លៃពីសកម្មភាពនៃការរៀបចំ និងចូលរួមពិព័រណ៍ចិន-អាស៊ាន៖
មុនពេលបិទបញ្ចប់ពិព័រណ៍គណៈកម្មការរៀបចំពិព័រណ៍ចិន-អាស៊ាន បានបើកកិច្ចប្រជុំឧត្ដមមន្ត្រី នៃប្រទេសចូលរួមពិព័រណ៍ចិន-អាស៊ាន ដើម្បីវាយតម្លៃពីលទ្ធផលការងារ និងទទួលយកសំណូមពរសម្រាប់កែលម្អការរៀបចំពិព័រណ៍នៅឆ្នាំក្រោយៗទៀត។ អង្គប្រជុំបានវាយតម្លៃខ្ពស់ពីលទ្ធផល នៃការរៀបចំពិព័រណ៍ចិន-អាស៊ានលើកទី១៦ ឆ្នាំ២០១៩ នេះ ជាលទ្ធផលកម្ពុជា ត្រូវបានគណៈកម្មការរៀបចំពិព័រណ៍ចិន-អាស៊ាន ផ្ដល់ពានរង្វាន់ការរៀបចំពន្លាជាតិល្អស្របតាមប្រធានបទពិព័រណ៍។
ពិព័រណ៍ចិន-អាស៊ាន ជាព្រឹត្តិការណ៍ប្រចាំឆ្នាំដ៏មានសារៈសំខាន់ក្រសួងពាណិជ្ជកម្ម ក្នុងឋានៈជាប្រធានគណៈកម្មការអន្តរក្រសួង នឹងបន្តរៀបចំ និងចូលរួមពិព័រណ៍ចិន-អាស៊ាន ដែលគណៈកម្មការពិព័រណ៍ចិន-អាស៊ាន បានសម្រេចរៀបចំធ្វើនៅថ្ងៃទី១៨-២១ ខែកញ្ញា ឆ្នាំ២០២០ និងនៅឆ្នាំក្រោយៗទៀត៕
ដោយសារកូវីដ-១៩ កម្ពុជាចូលរួមពីចម្ងាយពិព័រណ៍ចិន-អាស៊ាន លើកទី១៧ នៅទីក្រុងណាននីង ខេត្តក្វាងស៊ី ប្រទេសចិន ចាប់ពីថ្ងៃទី២៧-៣០ ខែវិច្ឆិកា ឆ្នាំ២០២០
ពិព័រណ៍ចិន-អាស៊ានលើកទី១៧ ឆ្នាំ២០២០ បានប្រព្រឹត្តិទៅចាប់ពីថ្ងៃទី២៧-៣០ ខែវិច្ឆិកា ឆ្នាំ២០២០ នៅទីក្រុងណាននីង ខេត្តក្វាងស៊ី ប្រទេសចិន ក្រោមប្រធានបទ “រួមគ្នាកសាងគំនិតផ្តួចផ្តើមខ្សែក្រវ៉ាត់និងផ្លូវ និងជំរុញសេដ្ឋកិច្ចឌីជីថល” (Jointly Building the BRI, Invigorating Digital Economy) ដែលផ្តោតសំខាន់ លើការតាំងបង្ហាញនូវផលិតផលប្រើប្រាស់ទូទៅ ពាក់ព័ន្ធវិស័យកសិកម្ម ផលិតកម្ម បច្ចេកវិទ្យា ការបង្កើតថ្មី កិច្ចសហប្រតិបត្តិការក្នុងតំបន់ វិទ្យាសាស្ត្រ សេវាកម្មទូទៅ ការរៀបចំវេទិកាធុរកិច្ច និងវិនិយោគ កិច្ចប្រជុំពាក់ព័ន្ធនឹងកិច្ចសហប្រតិបត្តិការពាណិជ្ជកម្ម សេដ្ឋកិច្ច ការទូត ទេសចរណ៍ និងការផ្លាស់ប្តូរវប្បធម៌ និងជាវេទិកាមួយក្នុងការជំរុញវិស័យឯកជនចាប់ដៃគូពាណិជ្ជកម្ម និងវិនិយោគរួមគ្នា។ ពិព័រណ៍ចិន-អាស៊ានឆ្នាំនេះ ប្រទេសឡាវ ត្រូវទទួលធ្វើជាប្រទេសកិត្តិយស (Country of Honor) តាមការឆ្លាសវេណបន្តពីប្រទេសឥណ្ឌូណេស៊ី។
ពិព័រណ៍ចិន-អាស៊ាន លើកទី១៧ ត្រូវបានបើកសម្ពោធជាផ្លូវការនៅព្រឹកថ្ងៃទី២៧ ខែវិច្ឆិកា ឆ្នាំ២០២០ ក្រោមអធិបតីភាព ឯកឧត្ដម ស៊ី ជីនពីង (XI JINPING) ប្រធានាធិបតី នៃសាធារណរដ្ឋប្រជាមានិតចិន ដែលបានចូលរួមថ្លែងសុន្ទរកថាជាវិដេអូ ជាមួយថ្នាក់ដឹកនាំប្រទេសអាស៊ានដទៃទៀត។ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ក៏បានចូលរួមថ្លែងសុន្ទរកថាតាមរយៈវិដេអូក្នុងពិធីបើកសម្ពោធដ៏មហោឡារិកនោះដែរ។
ដោយស្ថានភាពនៃជំងឺកូវីដ-១៩ និងដើម្បីចូលរួមទប់ស្កាត់ការរីករាលដាលនៃជំងឺនេះ គណៈកម្មការរៀបចំពិព័រណ៍ចិន-អាស៊ានមិនបានអញ្ជើញប្រតិភូពាណិជ្ជកម្មពីបរទេសចូលរួមទេ ដោយអញ្ជើញតែក្រុមហ៊ុន ឬសហគ្រាសកម្ពុជាដែលមានដៃគូ និងមានផលិតផលនៅប្រទេសចិនស្រាប់ឱ្យចូលរួមតែប៉ុណ្ណោះ និងមិនបានរៀបចំឱ្យមានពន្លាជាតិដូចរាល់ឆ្នាំទេ។ សម្រាប់ប្រតិភូកម្ពុជា ភាគីចិនបានអញ្ជើញឯកអគ្គរាជទូត និងមន្ត្រីដែលប្រចាំការនៅប្រទេសចិនស្រាប់ចូលរួមកម្មវិធីបើកសម្ពោធ និងកម្មវិធីផ្សេងៗ។ ក្រសួងពាណិជ្ជកម្ម បានចាត់បញ្ជូនក្រុមហ៊ុនកម្ពុជាចំនួន១៦ក្រុមហ៊ុន និងមានស្តង់សរុបចំនួន៥៣ស្តង់ទៅចូលរួមក្នុងព្រឹត្តិការណ៍នេះ។
ក្រសួងពាណិជ្ជកម្មបានរៀបចំផ្ទះរួម (Common House) មួយខ្នងទំហំ ៩មx៩ម រចនាយ៉ាងស្អាតជារបៀបខ្មែរ និងដាក់តាំងផលិតផលខ្មែរគ្រប់ប្រភេទ និងបានផ្តល់ស្តង់សរុបចំនួន៤៩ស្តង់ ដល់ក្រុមហ៊ុន និងសហគ្រាសកម្ពុជាចំនួន១៤ ដើម្បីតាំងបង្ហាញផលិតផលនិងសេវាកម្មផ្សេងៗមានដូចជា៖ ផ្នែកកសិកម្ម ផ្នែកម្ហូបអាហារ និងភេសជ្ជៈ ផ្នែកសិប្បកម្ម និងវត្ថុអនុស្សាវរីយ៍ និងគម្រោងវិនិយោគនានា រួមទាំងផ្នែកទេសចរណ៍និងបដិសណ្ឋារកិច្ចផងដែរ តាមទិន្ន័យខាងក្រោម៖
- ស្តង់សម្រាប់ផលិតផលកសិកម្ម ចំនួន ១៨ ស្តង់ ស្មើនឹង ៣៨%
- ស្តង់សម្រាប់សេវាកម្ម និងគម្រោងវិនិយោគ ចំនួន ២៤ ស្តង់ ស្មើនឹង ៤៩%
- ស្តង់សម្រាប់ផលិតផលម្ហូបអាហារ និងភេសជ្ជ: ចំនួន ២ ស្តង់ ស្មើនឹង ៤%
- ស្តង់សម្រាប់ផលិតផលសិប្បកម្ម ចំនួន ៥ ស្តង់ ស្មើនឹង ៩%
ទោះស្ថិតក្នុងស្ថានភាពដ៏លំបាកនេះក្តី កម្ពុជា បានខិតខំប្រមូលកៀរគរក្រុមហ៊ុន និងនាំយកផលិតផលមកចូលរួមដាក់តាំងបង្ហាញជូនភ្ញៀវទស្សនា ក្នុងពិព័រណ៍ចិន-អាស៊ាននេះ។ ការខិតខំប្រឹងប្រែងនេះ ទទួលបានការកោតសរសើរពីគណៈកម្មការរៀបចំពិព័រណ៍ចិន-អាស៊ានផងដែរ។ ដោយពិព័រណ៍ចិន-អាស៊ានជាព្រឹត្តិការណ៍ប្រចាំឆ្នាំដ៏មានសារៈសំខាន់ ក្រសួងពាណិជ្ជកម្ម ក្នុងឋានៈជាប្រធានគណៈកម្មការអន្តរក្រសួងដើម្បីរៀបចំ និងចូលរួមពិព័រណ៍ពិភពលោក និងពិព័រណ៍ពាណិជ្ជកម្មអន្តរជាតិនឹងបន្តចូលរួមនាឆ្នាំក្រោយៗទៀត តាមការអញ្ជើញរបស់ គណៈកម្មការពិព័រណ៍ចិន-អាស៊ាន៕