1. ទំព័រដើម
  2. ព័ត៌មានថ្មីៗ
  3. ក្រសួងពាណិជ្ជកម្មកម្ពុជារៀបចំពន្លាជាតិ និងចូលរួមពិព័រណ៍ទំនិញនាំចូលចិនអន្តរជាតិលើកទី៤ នៅទីក្រុងសៀងហៃ ប្រទេសចិន តាមរយៈប្រព័ន្ធអនឡាញ

ក្រសួងពាណិជ្ជកម្មកម្ពុជារៀបចំពន្លាជាតិ និងចូលរួមពិព័រណ៍ទំនិញនាំចូលចិនអន្តរជាតិលើកទី៤ នៅទីក្រុងសៀងហៃ ប្រទេសចិន តាមរយៈប្រព័ន្ធអនឡាញ

(ភ្នំពេញ)៖ នាថ្ងៃទី០៤ ខែវិច្ឆិកា ឆ្នាំ២០២១ ឯកឧត្តម ឈួន ដារ៉ា រដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម តំណាងដ៏ខ្ពង់ខ្ពស់​ ឯកឧត្តម ប៉ាន សូរស័ក្តិ រដ្ឋមន្រ្តីក្រសួងពាណិជ្ជកម្ម បានដឹកនាំប្រតិភូពាណិជ្ជកម្មកម្ពុជា ចូលរួមពិធីសម្ពោធ “ពិព័រណ៍ទំនិញនាំចូលចិនអន្តរជាតិលើកទី៤ (The 4th China International Import Expo)  និងវេទិកាសេដ្ឋកិច្ចអន្តរជាតិហុងឈាវ (Hongqiao International Economic Forum) ​តាមប្រព័ន្ធវីដេអូ ​​រៀបចំនៅទីក្រុងសៀង ហៃប្រទេសចិន។ ព្រឹត្តិការណ៍ពាណិជ្ជកម្មកម្រិតពិភពលោកនេះ បានបើកសម្ពោធដោយមានការថ្លែងសុន្ទរកថា​ របស់ ឯកឧត្តម ស៊ី ជីនពីង ប្រធានាធិបតីនៃសាធារណរដ្ឋប្រជាមានិតចិន និងមានការថ្លែងសុន្ទរកថាស្វាគមន៍ និងគាំទ្រប្រទេសចិនថតទុកនិងចាក់ផ្សាយក្នុងពិធីសម្ពោធ ដោយប្រធានាធិបតី នៃប្រទេសអាហ្សង់ទីន ប្រធានាធិបតីប្រទេសកាហ្សាក់ស្តង់ ប្រធានាធិបតី​សាធារណរដ្ឋហ្សាំប៊ៀ អនុប្រធានាធិបតីប្រទេសហ្វីជី នាយករដ្ឋមន្រ្តីប្រទេសអ៊ីតាលី នាយករដ្ឋមន្រ្តី​​ព្រះរាជា​ណាចក្រ​ថៃ អគ្គនាយិកានៃអង្គការពាណិជ្ជកម្មពិភពលោក អគ្គលេខាធិការ​នៃអង្គការ UNCTAD ព្រមទាំងមានការចូលរួមដោយផ្ទាល់ថ្នាក់ដឹកនាំក្រសួងស្ថាប័ន អង្គការ សមាគម បេសកជនបរទេស ស្ថានកុងស៊ុល និងអាជ្ញាធរទីក្រុងសៀងហៃ តំណាងមកពី​ទី​ក្រុង​ហុងកុង ទីក្រុងម៉ាកាវ កោះតៃវ៉ាន់ និងការចូលរួម​ពីចម្ងាយ​តាម​ប្រព័ន្ធវីដេអូអនឡាញ​របស់​ថ្នាក់ដឹកនាំ​ជាន់ខ្ពស់ និងថ្នាក់រដ្ឋមន្រ្តី នៃបណ្តា​ប្រទេស​នានា​នៅ​ក្នុង​តំបន់ និង​ពិភព​លោក​​ចំនួន​១០៦ ​ប្រទេស​។

ឯកឧត្តម ស៊ី ជីនពីង បានថ្លែងមតិស្វាគមន៍តាមរយៈការថតវីដេអូនិងចាក់ផ្សាយនាឱកាសនេះ បានអំពាវនាវឲ្យបណ្តាប្រទេសជុំវិញពិភពលោក ដើរឲ្យទាន់និន្នាការទូទៅនៃសកលភាវូបនីយកម្មសេដ្ឋកិច្ច និងរួមគ្នាគាំទ្រក្នុងការបើកចំហទីផ្សារ ជាពិសេសគាំទ្រគោលនយោបាយឈ្នះឈ្នះ  ហើយប្រឆាំងគោលនយោបាយឯកតោភាគី និងលទ្ធិគាំពារនិយម និងជំរុញមនុស្សជាតិក្នុងពិភពលោកធ្វើដំណើរឆ្ពោះទៅរកអនាគតដ៏ភ្លឺស្វាងមួយ។ ឯកឧត្តម ស៊ី ជីនពីង បានសង្កត់ធ្ងន់ថា ឆ្នាំនេះគឺជាខួបលើកទី២០ នៃការចូលជាសមាជិកអង្គការពាណិជ្ជកម្មពិភពលោក WTO របស់ប្រទេសចិន។ ក្នុងរយៈពេល២០ឆ្នាំ កន្លងមកនេះ ប្រទេសចិនបានអនុវត្តន៍កញ្ចប់កិច្ចសន្យា នៃការចូលជាសមាជិក WTO របស់ខ្លួនយ៉ាងពេញលេញ ដោយកម្រិតពន្ធគយជារួមរបស់ប្រទេសចិនបានទម្លាក់ពី១៥.៣%​ មក ៧.៤% ដែលទាបជាង ៩.៨% នៃការសន្យាចូលជាសមាជិករបស់ WTO នាគ្រាដំបូង។

​គួរបញ្ជាក់ថានេះគឺជាលើកទី៤ហើយ ដែល​ប្រទេសកម្ពុជាបានចូលរួម​ក្នុងព្រឹត្តិការណ៍​ពិព័រណ៍​ទំនិញ​នាំចូលចិនអន្តរជាតិ​ កម្រិតពិភពលោកមួយនេះ។ សម្រាប់ឆ្នាំ២០២១ នេះ ដោយសារ​ការ​រីករាលដាលជំងឺកូវីដ-១៩ ប្រទេសកម្ពុជា ក៏ដូចជាបណ្តាប្រទេសផ្សេងៗទៀត មិន​បាន​ដឹកនាំ​គណៈប្រតិភូទៅចូលរួមដោយផ្ទាល់ទេ ទន្ទឹមនេះ ក្រសួងពាណិជ្ជកម្ម បាន​រៀបចំ​ពន្លា​ជាតិ​​​មួយ និងក្រុមហ៊ុនកម្ពុជាចំនួន៥ ចូលរួមពីចម្ងាយតាមប្រព័ន្ធអនឡាញ និង​បាន​សម្រប​សម្រួល​ឲ្យក្រុមហ៊ុនដែលកំពុងធ្វើធុរកិច្ចនៅកម្ពុជា ដែលមានសាខា និង​ផលិតផល​នៅ​ប្រទេស​ចិនស្រាប់ចូលរួមតាំងពិព័រណ៍ដោយផ្ទាល់ផងដែរ។

ក្នុងការចូលរួមពិព័រណ៍ទំនិញនាំចូលចិនអន្តរជាតិ​ លើកទី៤ ឆ្នាំ២០២១ នេះ ពន្លាជាតិកម្ពុជា ត្រូវបានរចនាឡើងតាមរចនាបថខ្មែរសម័យទំនើបតាមទម្រង់បច្ចេកវិទ្យា 3​​D ដោយ​មាន​ដាក់តាំង​បង្ហាញ​រូបភាព​ស្តីពីវិស័យសេដ្ឋកិច្ច ពាណិជ្ជកម្ម វិនិយោគ ទេសចរណ៍ និង​វីដេអូផ្សព្វផ្សាយស្តីពីការអភិវឌ្ឍសេដ្ឋកិច្ចកម្ពុជាផងដែរ។ អ្នកទស្សនាអាចចូលទស្សនាពន្លាជាតិកម្ពុជាតាមរយៈតំណភ្ជាប់​គេហទំព័រ​របស់​គណៈកម្មការ​រៀបចំពិព័រណ៍ https://country.ciie.org /2021/Cambodiaចាប់ពីថ្ងៃទី៥ ដល់ថ្ងៃទី១០ ខែវិច្ឆិកា ឆ្នាំ២០២១។

ពិព័រណ៍ទំនិញនាំចូលអន្តរជាតិចិនលើកទី៤ ឆ្នាំ២០២១ នេះ មានក្រុមហ៊ុនចូលរួមចំនួន ២៩០០ មក​ពី​បណ្តា​ប្រទេស​ក្នុងតំបន់ និងពិភពលោក ចំនួន១៤៣ រួមទាំងកម្ពុជាផងដែរ ក្នុងនោះ មានប្រទេស និងអង្គការអន្តរជាតិធំៗចំនួន៥៨ បាន​រៀបចំ​​ពន្លាជាតិ​ចូលរួម​ដោយ​ផ្ទាល់​ក្នុង​ព្រឹត្តិការណ៍​ពិព័រណ៍នេះ។ ទំនិញដែលមានដាក់តាំងបង្ហាញក្នុងពិព័រណ៍នេះរួមមាន ផលិតផល​​​ម្ហូបអាហារ និងភេសជ្ជៈ ផលិតផល និងសម្ភារៈកសិកម្ម យានយន្ត ឧបករណ៍​បច្ចេកទេស ទំនិញប្រើប្រាស់ទូទៅ ឧបករណ៍វេជ្ជសាស្ត្រ និងឱសថ និង​ពាណិជ្ជកម្មលើ​វិស័យ​សេវាកម្មជាច្រើនពាន់ប្រភេទ។

(រូបភាព៖នាយកដ្ឋានកិច្ចការពិព័រណ៍)

អត្ថបទមុន
ពិព័រណ៍ពិភពលោកឌុយបៃ ២០២០ សហភាពអារ៉ាប់រួម បានបើកសម្ពោធជាផ្លូវការ
អត្ថបទបន្ទាប់
សមិទ្ធផលការងារឆ្នាំ២០២១ របស់អគ្គនាយកដ្ឋានជំរុញពាណិជ្ជកម្ម

អ្នកក៏អាចចូលចិត្ត

ព័ត៌មានថ្មីៗ

សេចក្តីជូនដំណឹងថ្មីៗ

Menu