1. ទំព័រដើម
  2. ព័ត៌មានថ្មីៗ
  3. កម្ពុជាបានប្រារព្ធ «ទិវាជាតិកម្ពុជា» នៅក្នុងពិព័រណ៍ពិភពលោក ឆ្នាំ ២០២០ នៅទីក្រុងឌុយបៃ

កម្ពុជាបានប្រារព្ធ «ទិវាជាតិកម្ពុជា» នៅក្នុងពិព័រណ៍ពិភពលោក ឆ្នាំ ២០២០ នៅទីក្រុងឌុយបៃ

(ទីក្រុងឌុយបៃ)៖ កាលពីថ្ងៃទី២៤ ខែមករា ឆ្នាំ២០២២ នៅទីក្រុងឌុយបៃ ឯកឧត្តម ប៉ាន សូរស័ក្តិ រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម និងជាប្រធានគណៈកម្មការអន្តរក្រសួងដើម្បីរៀបចំ-ចូលរួមពិព័រណ៍ពិភពលោក និងពិព័រណ៍ពាណិជ្ជកម្មអន្តរជាតិនានា ក្នុងឋានៈជាអគ្គស្នងការរបស់កម្ពុជា សម្រាប់ពិព័រណ៍ពិភពលោក ២០២០ ឌុយបៃ និងជាតំណាងដ៏ខ្ពង់ខ្ពស់របស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា បានដឹកនាំគណៈប្រតិភូកម្ពុជា អញ្ជើញចូលរួមអបអរសាទរពិធីប្រារព្ធ «ទិវាជាតិកម្ពុជា» នៅក្នុងពិព័រណ៍ពិភពលោក ២០២០ នៅទីក្រុងឌុយបៃ សហភាពអារ៉ាប់រួម។ ពិធីដ៏មហោឡារឹកនេះ បានប្រព្រឹត្តទៅដោយមានការអញ្ជើញចូលរួមពី ឯកឧត្តម បណ្ឌិត ថានី ប៊ីន អាម៉េដ អាល់ ហ៊្សេរយូឌី រដ្ឋមន្រ្តីក្រសួងពាណិជ្ជកម្មអន្តរជាតិ នៃសហភាពអារ៉ាប់រួម និងមន្រ្តីជាន់ខ្ពស់នៃរាជរដ្ឋាភិបាលកម្ពុជា-សហភាពអារ៉ាប់រួម ភ្ញៀវជាតិ អន្តរជាតិ តំណាងឱ្យប្រទេសនានា ព្រមទាំងអង្គការអន្តរជាតិធំៗ ជាង ៥០ បន្ថែមទៀត។

ក្នុងពិធីនេះ ក៏មានការថ្លែងសុន្ទរកថាអបអរសាទរដោយប្រធានគណៈប្រតិភូប្រទេសទាំងពីរ កម្ពុជា-អារ៉ាប់រួម កម្មវិធីសម្តែងសិល្បៈបង្ហាញវប្បធម៌ខ្មែរ, កម្មវិធីបង្ហាញមុខម្ហូបខ្មែរដោយចុងភៅកម្ពុជាមកពីវិទ្យាស្ថានម្ហូបអាហារកម្ពុជា, វេទិកាជំរុញការវិនិយោគ និងទេសចរណ៍កម្ពុជា និងការសម្តែងសិល្បៈបង្ហាញវប្បធម៌ខ្មែរជូនពិភពលោកបានស្គាល់។ នាឱកាសនោះ ឯកឧត្តមរដ្ឋមន្ត្រីបានជម្រាបជូនអំពីអត្ថន័យសំខាន់នៃការសាងសង់ពន្លាជាតិកម្ពុជាថា “ព្រះរាជាណាចក្រកម្ពុជា គឺជាដែនដីសុវណ្ណភូមិដ៏ចំណាស់មួយនៅក្នុងតំបន់ឤស៊ីឤគ្នេយ៍ និងធ្លាប់មានកេរ្តិ៍ឈ្មោះល្បីល្បាញជាប្រវត្តិសាស្ត្រតាំងពីបុរាណរហូតមកដល់បច្ចុប្បន្ន។ កម្ពុជាធ្លាប់មានវប្បធម៌ និងអរិយធម៌រុងរឿង ជាយូរលង់ណាស់មកហើយ តាមរយៈភាពល្បីល្បាញនៃប្រាង្គប្រាសាទបុរាណដ៏អស្ចារ្យជាច្រើន ជាពិសេសប្រាសាទអង្គរវត្ត ដែលបានទាក់ទាញ និងជំរុញកំណើនភ្ញៀវទេសចរណ៍ពីទូទាំងពិភពលោកឱ្យទៅទស្សនាកម្ពុជា។ កេរមរតកដែលដូនតាខ្មែរ បានបន្សល់ទុកឱ្យ គួបផ្សំជាមួយនឹងសិល្បៈ និងវប្បធម៌ប្រកបដោយភាពរស់រវើក ព្រមទាំងភាពស្រស់បំព្រងនៃបរិស្ថានធម្មជាតិ ដែលជាសក្តានុពលសម្រាប់ការអភិវឌ្ឍសេដ្ឋកិច្ចប្រកបដោយចីរភាព ទាំងនេះគឺជាចំណុចសំខាន់ៗ ដែលរាជរដ្ឋាភិបាលកម្ពុជា បាននាំយកមកបង្ហាញពិភពលោក ក្នុងព្រឹត្តិការណ៍ដ៏អស្ចារ្យនាពេលនេះ”។ ក្នុងនាមជាតំណាង សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា ឯកឧត្តមរដ្ឋមន្ត្រី បានអំពាវនាវ និងសូមស្វាគមន៍យ៉ាងកក់ក្តៅចំពោះធុរជន និងវិនិយោគិននានា ដែលចង់ស្វែងរកឱកាសបណ្តាក់ទុនវិនិយោគនៅកម្ពុជា ព្រមទាំងស្វាគមន៍ទេសចរអន្តរជាតិទាំងទ្បាយ ដែលមានបំណងទៅទស្សនាកម្ពុជា ដើម្បីស្វែងយល់ពីសម្បត្តិវប្បធម៌ អរិយធម៌ និងធនធានធម្មជាតិដ៏សម្បូរបែប ដែលនៅមានឋិតថេរពីបុរាណរហូតមកដល់បច្ចុប្បន្ន។

ឯកឧត្តមរដ្ឋមន្ត្រីបានបញ្ជាក់ថា ពន្លាជាតិកម្ពុជា បានសាងសង់យ៉ាងល្អប្រណីតតាមរចនាបថខ្មែរ ដោយច្របាច់បញ្ចូលគ្នានូវសម័យកាលជាប្រវត្តិសាស្រ្តសំខាន់ៗ ចំនួនបួន គឺ៖ សម័យមុនអង្គរ, សម័យអង្គរ, សម័យលង្វែក ឬសម័យឧត្តុង្គ និងសម័យចតុមុខ ឬសម័យភ្នំពេញបច្ចុប្បន្ន ហើយចំណុចសំខាន់ និងធ្វើឱ្យភ្ញៀវអ្នកទស្សនា មានការចាប់អារម្មណ៍ និងកោតសរសើរ គឺកម្ពុជាបាននាំមកនូវរូបសំណាកចម្លងមួយចំនួន ដូចជា ចម្លាក់តោ, ឆ្មាំអង្គរ, ព្រះវិស្ណុ, ព្រះសិវៈ, ព្រះបាទជ័យវរ័្មនទី៧, ព្រហ្មបាយ័ន ជាពិសេស ម៉ាកែត អង្គរវត្ត ធ្វើពីស្ពាន់ មករៀបចំតុបតែងក្នុងពន្លាជាតិជូនភ្ញៀវទស្សនាផងដែរ។ ឯកឧត្តមបន្តថា ដោយសារចំណុចពិសេសទាំងនេះ ទើបធ្វើឱ្យពន្លាជាតិកម្ពុជា ត្រូវបានគណៈកម្មការជ្រើសរើសចូលក្នុងបញ្ជីប្រទេសចំនួន ៣០ ក្នុងចំណោម ១៩០ ប្រទេស ដែលបានរៀបចំពន្លាជាតិស្អាតជាងគេ និងមានលក្ខណៈពិសេសស្របតាមប្រធានបទនៃពិព័រណ៍ សម្រាប់បើកទទួលភ្ញៀវសាកល្បងមុនពេលពិព័រណ៍ពិភពលោកបើកសម្ពោធជាផ្លូវការមួយថ្ងៃ។ ដោយចាប់តាំងពីពេលបើកដំណើរការ កាលពីថ្ងៃទី០១ ខែតុលា ឆ្នាំ២០២១ រហូតដល់ថ្ងៃទី២៣ ខែមករា ឆ្នាំ២០២២ ពន្លាជាតិកម្ពុជាបានទទួលភ្ញៀវចូលទស្សនាចំនួន ១៧៤, ០១៨ នាក់ ក្នុងនោះគ្រាន់តែក្នុងរយៈពេល ១ ថ្ងៃ នៃបើកសាកល្បងដំបូង ពន្លាជាតិកម្ពុជា បានទទួលភ្ញៀវចូលទស្សនារហូតដល់ ជាង ១,០០០ នាក់។

សូមជម្រាបជូនថា ពិព័រណ៍ពិភពលោក២០២០ ឌុយបៃ គឺជាព្រឹត្តិការណ៍កម្រិតពិភពលោកលើកដំបូង ដែលរៀបចំឡើងនៅតំបន់មជ្ឈឹមបូព៌ាមានរយៈពេល ០៦ ខែ ហើយបើកចាប់ពីថ្ងៃទី០១ ខែតុលា ឆ្នាំ២០២១ រហូតដល់ថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២២ ស្មើនឹងចំនួន ១៨២ថ្ងៃ។ ប្រធានបទនៃពិព័រណ៍នេះគឺ ការតភ្ជាប់គំនិត ដើម្បីស្ថាបនាអនាគត (Connecting Minds, Creating the Future) និងមានប្រធានបទរងចំនួន ៣ គឺ៖ កាលានុវត្តភាព, វឌ្ឍនភាព និងនិរន្តភាព។ តាមការរំពឹងទុក បន្ទាប់ពីការចូលរួមពិព័រណ៍ពិភពលោក ២០២០ ឌុយបៃ នាពេលនេះ នឹងធ្វើឱ្យពិភពលោកស្គាល់ និង ចាប់អារម្មណ៍លើកម្ពុជាកាន់តែច្រើនឡើងថែមទៀត ហើយកម្ពុជារំពឹងថា តាមរយៈការរៀបចំវេទិការជំរុញការវិនិយោគ និងទេសចរណ៍នាពេលនេះ នឹងទាក់ទាញវិនិយោគគិន និងទេសចរណ៍អន្តរជាតិបានច្រើនថែមទៀតចូលមកកម្ពុជា៕

(អត្ថបទ៖ នាយកដ្ឋានកិច្ចការពិព័រណ៍)

អត្ថបទមុន
សមិទ្ធផលការងារឆ្នាំ២០២១ របស់អគ្គនាយកដ្ឋានជំរុញពាណិជ្ជកម្ម
អត្ថបទបន្ទាប់
កម្ពុជា​​នាំ​ចេញ​កៅស៊ូ និង​ឈើ​កៅស៊ូ​បានចំនួន ៦១១​លាន​ដុល្លារ​ក្នុង​ឆ្នាំ​២០២១

អ្នកក៏អាចចូលចិត្ត

ព័ត៌មានថ្មីៗ

សេចក្តីជូនដំណឹងថ្មីៗ

Menu