1. ទំព័រដើម
  2. ព័ត៌មានថ្មីៗ
  3. កម្ពុជា បន្តចូលរួមពិព័រណ៍ចិន-អាស៊ាន លើកទី១៨ ឆ្នាំ២០២១

កម្ពុជា បន្តចូលរួមពិព័រណ៍ចិន-អាស៊ាន លើកទី១៨ ឆ្នាំ២០២១

ណាននីង៖ ពិព័រណ៍ចិន-អាស៊ានលើកទី១៨ បានបើកសម្ពោធជាផ្លូវការនៅព្រឹកថ្ងៃទី១០ ខែកញ្ញា ឆ្នាំ២០២១ ​ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់ឯកឧត្តម វ៉ាង ឈីសាន អនុប្រធានាធិបតីនៃសាធារណរដ្ឋប្រជាមានិតចិន និងដោយមានការអញ្ជើញចូលរួមរបស់ប្រមុខដឹកនាំជាន់ខ្ពស់របស់ប្រទេសជាសមាជិកអាស៊ាន និងប្រទេសប៉ាគីស្ថានផងដែរ។ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា បានផ្តល់កិត្តិយសអញ្ជើញថ្លែងសុន្ទរកថាបើក ពីចម្ងាយតាមរយៈការថតជាវីដេអូទុកមុន និងបានចាក់ផ្សាយក្នុងពិធីសម្ពោធពិព័រណ៍ចិន-អាស៊ានលើកទី១៨នេះ។ ថ្លែងទៅកាន់ពិធីសម្ពោធ សម្តេចតេជោនាយករដ្ឋមន្រ្តី បានសង្កត់ធ្ងន់ថា ពិព័រណ៍ចិន-អាស៊ានលើកទី១៨នេះ គឺជាសក្ខីកម្មនៃភាពជោគជ័យនៃទំនាក់ទំនងដៃគូសន្ទនារវាងចិន និងអាស៊ាន និងបាននាំមកនូវការអភិវឌ្ឍន៍លើគ្រប់វិស័យ និងវិបុលភាពសម្រាប់ប្រជាជនចិន និងអាស៊ាន។

ពិព័រណ៍ចិន-អាស៊ានលើកទី១៨នេះ ធ្វើឡើងស្របពេលនៃខួបអនុស្សាវរីយ៍លើកទី៣០ នៃទំនាក់ទំនងដៃគូសន្ទនារវាងចិន និងអាស៊ាន សម្តេចតេជោនាយករដ្ឋមន្រ្តី បានសម្តែងនូវការអបអរសាទរ ចំពោះជោគជ័យ​ក្នុងរយៈពេល៣០ កន្លងមក បានក្លាយជាមូលដ្ឋានដ៏រឹងមាំសម្រាប់អាស៊ាន និងចិន ក្នុងការដាក់ចេញនូវមាគ៌ាដ៏ត្រចះត្រចង់ បង្កើតនូវកាលានុវត្តភាពថ្មី ដើម្បីឈានទៅសម្រេចបាននូវអនាគតរួមគ្នា ប្រកបដោយវិបុលភាព និងបរិយាប័ន្ន។  ជាទិសដៅនាពេលអនាគត់ដ៏ខ្លីខាងមុខ សម្តេចចង់ឃើញចិន និងអាស៊ានពួតដៃគ្នាប្រយុទ្ធប្រឆាំងនិងយកឈ្នះលើជំងឺកូវីដ-១៩ ដើម្បីធានានិរន្តរភាពសកម្មភាពសង្គមនិងសេដ្ឋកិច្ច និងការរស់រានមានជីវិតរបស់ប្រជាជន។ ការប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ១៩ជាសកលបែបនេះ ទាមទារនូវសាមគ្គីភាព ការជឿទុកចិត្តគ្នា ការគិតគូរនិងអនុវត្តន៍រួមគ្នា ប្រកបដោយភាពហ្មត់ចត់ ក្រោមយន្តការពហុភាគីនិយមនិងគោរពច្បាប់អន្តរជាតិ និងអធិប្បតេយ្យរបស់ប្រទេសនីមួយៗ។ សម្តេចតេជោ បានបន្ថែមថា ចិន និងអាស៊ានត្រូវបន្តកិច្ចសហការលើគ្រប់វិស័យ ជាពិសេសវិស័យហិរញ្ញវត្ថុ និងពាណិជ្ជកម្ម ក្នុងគោលបំណងពន្លឿងការស្តារសង្គម-សេដ្ឋកិច្ចឡើងវិញក្រោយវិបត្តិកូវីដ-១៩ តាមរយៈការបឲ្យទូលាយជាងមុន នូវទីផ្សារ និងលំហូរពាណិជ្ជកម្មសេរី លំហូរវិនិយោគ ដើម្បីអនុញ្ញាតឲ្យកម្ពុជា ក៏ដូចប្រទេសផ្សេងទៀតក្នុងតំបន់ មានលទ្ធភាពជំរុញការនាំចេញផលិតផលនិងសេវា ដែលមានសក្តានុពល និងទទួលបានធនធានហិរញ្ញវត្ថុបន្ថែម។

ពិព័រណ៍ចិន-អាស៊ានលើកទី១៨នេះ រៀបចំឡើងជាទម្រង់កូនកាត់ គឺការចូលរួមដោយផ្ទាល់ និងការចូលរួមអនឡាញ មានរយៈពេល ៤ថ្ងៃ គឺចាត់ពីថ្ងៃទី១០-១៣ ខែកញ្ញា ឆ្នាំ២០២១ នៅមជ្ឈមណ្ឌលតាំងពិព័រណ៍និងសន្និសីទអន្តរជាតិទីក្រុងណាននីង តំបន់ស្វ័យតក្វាងស៊ី ប្រទេសចិន។ ប្រទេសកម្ពុជា បានចាត់បញ្ជូនក្រុមហ៊ុនចំនួន ១៨ ចូលរួមពិព័រណ៍ចិន-អាស៊ានលើកទី១៨ ឆ្នាំ២០២១ នេះ ក្នុងនោះ​ចូលរួមដោយផ្ទាល់មានចំនួន ៧ក្រុមហ៊ុន និងក្រុមហ៊ុនចូលរួមអនឡាញចំនួន ១១ក្រុមហ៊ុន ដែលមានស្តង់សរុបចំនួន ៥៣ស្តង់។ ក្នុងការចូលរួមនេះ ក្រសួងពាណិជ្ជកម្មបានរៀបចំសាងសង់ផ្ទះរួមមួយទំហំ៨១ម៉ ការ៉េ តាមរចនាបទខ្មែរដើម្បីដាក់តាំងផលិតផល និងរូបភាពស្តីពីសេដ្ឋកិច្ច ពាណិជ្ជកមម្ម វិនិយោគ និងទេសចរណ៍ ដើម្បីផ្សព្វផ្សាយក្នុងឱកាសនេះផងដែរ។​ ផលិតផលដែលបានដាក់តាំងក្នុងពិព័រណ៍នេះរួមមាន ផលិតផលកសិកម្មរួមមានអង្ករ ម្រេច គ្រាប់ស្វាយចន្ទី ដំណាប់ស្វាយ អាហារក្រៀម ភេសជ្ជៈ និងគម្រោងវិនិយោគ។

ទោះស្ថិតក្នុងកាលៈទេសៈដ៏លំបាកដែលបណ្តាលមកពីជំងឺកូវីដ-១៩ ប្រទេសកម្ពុជានៅតែបន្តខិតខំប្រឹងប្រែងចាត់បញ្ជូនក្រុមហ៊ុន និងសហគ្រាសក្នុងស្រុកទៅចូលរួមពិព័រណ៍ចិន-អាស៊ាន តាមការអញ្ជើញរបស់គណៈកម្មការរៀបចំពិព័រណ៍​។ យើងសង្ឃឹមថា ផលិតផលខ្មែរនឹងទទួលបានការគាំទ្រថែមទៀតពីទីផ្សារចិន ហើយក្រុមហ៊ុនកម្ពុជា​នឹងបានជួបដៃគូពាណិជ្ជកម្ម និងវិនិយោគថ្មីៗបន្ថែមទៀត ដូចបណ្តាឆ្នាំកន្លងទៅ។

(អត្ថបទ និងរូបភាព៖ នាយកដ្ឋានកិច្ចការពិព័រណ៍)

អត្ថបទមុន
ការនាំចេញចេករបស់កម្ពុជា បានកើនដល់ ២៧០,២២២ តោន ចាប់ពីខែមករាដល់ខែកក្កដា
អត្ថបទបន្ទាប់
ក្រសួងពាណិជ្ជកម្ម គាំទ្របេសកកម្មនាំចេញផលិតផលខ្មែរទៅកាន់ទីផ្សារថ្មីនៅតំបន់មជ្ឈឹមបូព៌ា និងអាហ្វ្រិកខាងជើងតាមប្រព័ន្ធឌីជីថល”

អ្នកក៏អាចចូលចិត្ត

ព័ត៌មានថ្មីៗ

សេចក្តីជូនដំណឹងថ្មីៗ

Menu