1. ទំព័រដើម
  2. ព័ត៌មានថ្មីៗ
  3. ក្រសួងពាណិជ្ជកម្ម គាំទ្របេសកកម្មនាំចេញផលិតផលខ្មែរទៅកាន់ទីផ្សារថ្មីនៅតំបន់មជ្ឈឹមបូព៌ា និងអាហ្វ្រិកខាងជើងតាមប្រព័ន្ធឌីជីថល”

ក្រសួងពាណិជ្ជកម្ម គាំទ្របេសកកម្មនាំចេញផលិតផលខ្មែរទៅកាន់ទីផ្សារថ្មីនៅតំបន់មជ្ឈឹមបូព៌ា និងអាហ្វ្រិកខាងជើងតាមប្រព័ន្ធឌីជីថល”

រាជធានីភ្នំពេញ៖ នាព្រឹកថ្ងៃទី២០ ខែកញ្ញា ឆ្នាំ២០២១ សហព័ន្ធម្រេច និងគ្រឿងទេសកម្ពុជា (CPSF) ក្រោមជំនួយឧបត្ថម្ភរបស់គម្រោង«កម្ពុជាហាវែស-II» បាន​បើកដំណើរការជាផ្លូវការនូវកម្មវិធីមួយមានឈ្មោះថា បេសកកម្មនៃការនាំចេញទៅកាន់តំបន់មជ្ឈឹមបូព៌ា និងអាហ្វ្រិកខាងជើង តាមប្រព័ន្ធឌីជីថល​។

ពិធីនេះប្រព្រឹត្តទៅ​ក្រោម​អធិបតីភាពរបស់ឯកឧត្តម ស៊ាង ថៃ រដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម ​​លោក Nimish Jhaveri ប្រធាន​គម្រោងកម្ពុជាហាវែស-II លោកម៉ាក់ នីប្រធានសហព័ន្ធម្រេច និងគ្រឿងទេសកម្ពុជា ឧកញ៉ា លោក លោកស្រីតំណាងអង្គការ សមាគម និងសហគ្រាសកម្ពុជា សរុបអ្នកចូលចំនួន៦៥ នាក់។​

“បេសកកម្មនៃការនាំចេញទៅកាន់តំបន់មជ្ឈឹមបូព៌ា និងអាហ្វ្រិកខាងជើង” គឺជាការប្រើប្រាស់ថ្នាលព័ត៌មានវិទ្យាមួយ រៀបចំឡើងដើម្បីជំរុញក្រុមហ៊ុន សហគ្រាសកម្ពុជា ដែលមានលក្ខណៈសម្បត្តិគ្រប់គ្រាន់ចូលរួមពិព័រណ៍ឌីជីថលក្នុងព្រឹត្តិការណ៍ពិព័រណ៍ផលិផលសរីរាង្គនិងធម្មជាតិនៅទីក្រុងឌុយបៃនាដើមខែធ្នូ ឆ្នាំ២០២១ ខាងមុខ​។ ​បេសកកម្មនេះ សហព័ន្ធម្រេច និងគ្រឿងទេសកម្ពុជា បានជ្រើសរើសក្រុមហ៊ុន និងសហគ្រាសកម្ពុជា ដែលមានលក្ខណៈសម្បត្តិគ្រប់គ្រាន់ មកពីវិស័យផលិតកម្មបន្លែនិងផ្លែឈើ ម្រេចនិងគ្រឿងទេស និងម្ហូបអាហារកែច្នៃដូចជាដំណាប់ស្វាយក្រៀម ទឹកឃ្មុំ និងគ្រាប់ធុញ្ញជាតិដទៃទៀតចំនួន ២៥ក្រុមហ៊ុន ​មកចូលរួមជាគម្រោងសាកល្បង​ដោយជ្រើសរើសយកទីផ្សារតំបន់មជ្ឈឹមបូព៌ា និងអាហ្វ្រិកខាងជើង ​ជាទីផ្សារគោលដៅ​ ដោយសារទីផ្សារនេះមានអំណាចនៃការទិញធំ និងកំពុងមានតម្រូវការម្ហូបអាហារសុវត្ថិភាពនាំចូលជាច្រើន។

ឯកឧត្តម ស៊ាង ថៃ ​រដ្ឋលេខាធិការ ក្នុងនាមក្រសួងពាណិជ្ជកម្មបានសម្តែងនូវការអបអរសាទរ និងគាំទ្រចំពោះ សហព័ន្ធម្រេច និងគ្រឿងទេសកម្ពុជា ដែលបានផ្តួចផ្តើមរៀបចំកម្មវិធីជំរុញការនាំចេញ​ផលិតផលខ្មែរដោយប្រើប្រាស់ថ្នាលព័ត៌មានវិទ្យា ស្របតាមបរិបទ​ឧស្សាហកម្មជំនាន់ទី៤ ដែលពិភពលោកកំពុងអនុវត្ត នាពេលបច្ចុប្បន្ន។ ឯកឧត្តម មានសុទិដ្ឋិនិយមថា បេសកកម្មនេះ គឺជាក្តីសង្ឃឹមមួយដែលជួយផ្សព្វផ្សាយ និងនាំឲ្យពិភពលោកបានស្គាល់ទំនិញកម្ពុជាលើឆាកអន្តរជាតិកាន់តែច្រើនឡើងថែមទៀត ​និងជាស្ពានតភ្ជាប់ទំនាក់ទំនងផ្នែកពាណិជ្ជកម្ម រវាងពាណិជ្ជករ ផលិតករកម្ពុជា ជាមួយអ្នកទិញនៅមជ្ឈឹមបូព៌ា និងអាហ្វ្រិកខាងជើងផងដែរ។

ទន្ទឹមនេះ ឯកឧត្តមរដ្ឋលេខាធិការ ​ផ្តល់ជាអនុសាសន៍ផ្តាំផ្ញើដល់ក្រុមហ៊ុន និងសហគ្រាសកម្ពុជាទាំង២៥ក្រុមហ៊ុនថា ដើម្បីទទួលជោគជ័យលើបេសកកម្មនេះ និងរក្សាដៃគូពាណិជ្ជកម្មនិងទីផ្សារដែលទទួលបានហើយ ផលិតករកម្ពុជាគួរយកចិត្តទុកដាក់ជាពិសេសក្នុងការផលិតទំនិញ ដោយ ឈរលើគោលការណ៍ចំនួន ៤ គឺ ទំនិញត្រូវមាន ៖ ១. គុណភាពខ្ពស់, ២. សុវត្ថិភាព និងស្តង់ដារអនាម័យ, ៣. សំបកវេចខ្ចប់ត្រូវតែមានសោភ័ណភាព និងមានព័ត៌មានគ្រប់គ្រាន់សម្រាប់អ្នកប្រើ និង ៤. មានតម្លៃសមរម្យ ដើម្បីទាក់ទាញអ្នកបញ្ជាទិញ និងចូលរួមប្រកួតប្រជែងកាត់ចំណែកទីផ្សារជាមួយដៃគូប្រកួតប្រជែងរបស់យើង។​

ពិព័រណ៍ផលិតផលសរីរាង្គ និងធម្មជាតិនៅទីក្រុងឌុយបៃ

ទីផ្សារមជ្ឈឹមបូព៌ា និងអាហ្វ្រិកខាងជើងជាទីផ្សារសក្តានុពល ទំនិញជាគ្រឿងឧបភោគបរិភោគប្រមាណ៩២% ត្រូវបាននាំចូលពីបរទេស ក្នុងនោះ ៦០% ជាផលិតផលសរីរាង្គ និងធម្មជាតិ។

ទីក្រុងឌុយបៃ សហភាពអារ៉ាប់រួម ជាមជ្ឈមណ្ឌលនៃការធ្វើធុរកិច្ច និង វិនិយោគដ៏សំខាន់គ្របដណ្តប់ក្នុងតំបន់អាស៊ី និងអឺរ៉ុប និងអាហ្រ្វិកខាងជើង និងជាប្រទេសឈរលំដាប់ទី៣ ក្នុងពិភពលោកក្នុងការនាំចូលទំនិញពីបរទេស សម្រាប់នាំចេញទៅវិញទៅកាន់គោលដៅទីផ្សារក្នុងពិភពលោក។ ​តាមការរំពឹងទុក“បេសកកម្មនៃការនាំចេញទៅកាន់តំបន់មជ្ឈឹមបូព៌ា និងអាហ្វ្រិកខាងជើង”តាមប្រព័ន្ធឌីជីថលនេះ នឹងជួយបើកផ្លូវឲ្យក្រុមហ៊ុន សហគ្រាសកម្ពុជា បានស្គាល់ទីផ្សារអន្តរជាតិកាន់តែច្រើន និងធ្វើឲ្យពាណិជ្ជករកម្ពុជា មានទំនាក់ទំនងជាមួយដៃគូបញ្ជាទិញបរទេសកាន់តែច្រើន។ ម្យ៉ាងទៀត បេសកកម្មនេះ នឹងជួយធ្វើឲ្យក្រុមហ៊ុន សហគ្រាសកម្ពុជា មានគំនិតច្នៃប្រឌិត ក្នុងការរៀបចំកម្មវិធីអភិវឌ្ឍន៍ផលិតផល និងអភិវឌ្ឍក្រុមហ៊ុននិងមានមូលដ្ឋានគ្រប់គ្រាន់ក្នុងការចូលរួមធ្វើពាណិជ្ជកម្មអន្តរជាតិ៕

អត្ថបទមុន
កម្ពុជា បន្តចូលរួមពិព័រណ៍ចិន-អាស៊ាន លើកទី១៨ ឆ្នាំ២០២១
អត្ថបទបន្ទាប់
ពិព័រណ៍ពិភពលោកឌុយបៃ ២០២០ សហភាពអារ៉ាប់រួម បានបើកសម្ពោធជាផ្លូវការ

អ្នកក៏អាចចូលចិត្ត

ព័ត៌មានថ្មីៗ

សេចក្តីជូនដំណឹងថ្មីៗ

Menu