1. ទំព័រដើម
  2. ព័ត៌មានថ្មីៗ
  3. ឯកឧត្តម ប៉ាន សូរ​ស័ក្តិ អញ្ជើញ​ជា​អធិបតី​ក្នុង​ពិធី​បើកសម្ពោធ​ការតាំង​បង្ហាញ​ទំនិញ​ជប៉ុន “Good Goods Japan 2021”

ឯកឧត្តម ប៉ាន សូរ​ស័ក្តិ អញ្ជើញ​ជា​អធិបតី​ក្នុង​ពិធី​បើកសម្ពោធ​ការតាំង​បង្ហាញ​ទំនិញ​ជប៉ុន “Good Goods Japan 2021”

​រាជធានី​ភ្នំពេញ​៖ នា​រសៀល​ថ្ងៃទី​ថ្ងៃទី ០៣ ខែកុម្ភៈ ឆ្នាំ​២០២១ វេលា​ម៉ោង ១៥៖៣០​នាទី ឯកឧត្តម ប៉ាន សូរ​ស័ក្តិ រដ្ឋមន្ត្រីក្រសួង​ពាណិជ្ជកម្ម អញ្ជើញ​ជា​អធិបតី​ក្នុង​ពិធី​បើកសម្ពោធ​ការដាក់​តាំង​បង្ហាញ​ទំនិញ​ថ្មី ទំនិញ​ជប៉ុន ក្រោម ប្រធានបទ “​ទំនិញ​ល្អ ទំនិញ​ជប៉ុន ២០២១ (Good Goods Japan 2021)” ដែល​កំពុង​រៀបចំ​នៅក្នុង​អគារ​ប្រណិត Vattanac Capital Tower រាជធានី​ភ្នំពេញ ដោយ​អង្គការ JETRO ជប៉ុន​ចាប់ពី​ថ្ងៃទី​០៣-០៤ ខែកុម្ភៈ ឆ្នាំ​២០២១​។ ពិធី​នេះ​មានការ​ចូលរួម​ពី​ឯកឧត្តម MIKAMI Masahiro ឯកអគ្គរាជទូត​ជប៉ុន​ប្រចាំ​នៅ​កម្ពុជា អ្នកឧកញ៉ា គិត ម៉េង ប្រធានសភា​ពាណិជ្ជកម្ម​កម្ពុជា មន្ត្រីរាជការ​នៃ​ក្រសួង​ពាក់ព័ន្ធ សហគ្រិន ពាណិជ្ជករ​កម្ពុជា និង​ពាណិជ្ជករ ផលិតករ​ជប៉ុន​ប្រមាណ​៧០​នាក់​។​

​ថ្លែង​ក្នុងឱកាស​បើកសម្ពោធ ឯកឧត្តម ប៉ាន សូរ​ស័ក្តិ រដ្ឋមន្ត្រីក្រសួង​ពាណិជ្ជកម្ម បាន​សម្តែង​នូវ​ការអបអរសាទរ និង​កោតសរសើរ​ចំពោះ​អង្គការ JETRO ជប៉ុន ដែល​បាន​ផ្តួចផ្តើម​រៀបចំ​ឲ្យ​មាន​កម្មវិធី​ផ្គូរ​ផ្គង​ពាណិជ្ជកម្ម​នេះ​ឡើង ដើម្បី​បើក​ច្រក​ទីផ្សារ​សម្រាប់​ទំនិញ​ជប៉ុន​បាន​ជ្រៀតចូល​ទីផ្សារ​កម្ពុជា ទោះ​ស្ថិតក្នុង​ស្ថានភាព​នៃ​វិបត្តិ​កូ​វីដ​-១៩ ក្តី​។ ព្រឹត្តិការណ៍​ពាណិជ្ជ​កម្មនេះ នឹង​ផ្តល់ឱកាស​ដល់​ពាណិជ្ជករ​កម្ពុជា ដែលមាន​បំណង​ធ្វើ​ធុរកិច្ច​ជាមួយ ពាណិជ្ជករ​ជប៉ុន បានឃើញ​មុខទំនិញ​ច្រើន​ប្រភេទ និង​បាន​ជួបចរចារ​ដោយផ្ទាល់​បង្កើតជា​វេទិកា​ពាណិជ្ជកម្ម​។

ឯកឧត្តម​រដ្ឋមន្ត្រី​បាន​គូសបញ្ជាក់ថា​៖ ទំហំ​ពាណិជ្ជកម្ម​ទ្វេភាគី កម្ពុជា​-​ជប៉ុន សម្រេចបាន​ប្រមាណ ២,០១០ លាន​ដុល្លារ​អាមេរិក ក្នុងនោះ កម្ពុជា​នាំចេញ​ទៅ​ជប៉ុន​ក្នុង​ចំនួន​ទឹកប្រាក់​ប្រមាណ ១,១៣១ លាន​ដុល្លារ និង​នាំចូល មកវិញ​ក្នុង​ចំនួន​ទឹកប្រាក់​ប្រមាណ ជាង ៨៧៩ លាន​ដុល្លារ​។ គិត​ត្រឹម ៦ ខែ​ដើមឆ្នាំ​២០២០ ទំហំ​ពាណិជ្ជកម្ម​ទ្វេភាគី​កម្ពុជា​-​ជប៉ុន សម្រេចបាន ប្រមាណ ៨៤១ លាន​ដុល្លារ​។

ទំនិញ​ដែល​កម្ពុជា​នាំ​ចេញទៅ​ជប៉ុន​មានដូចជា ផលិតផល​សម្លៀកបំពាក់​កាត់ដេរ ស្បែកជើង គ្រឿង​សង្ហា​រឹម គ្រឿងសំអាង ក្រដាស សម្ភារៈ​ការិយាល័យ ស្បែក​និង​ផលិតផល​ធ្វើ​អំពី​ស្បែក និង​ដែក ។​ល​។ ទំនិញ​ដែល​នាំចូល​ពី​ជប៉ុន​រួមមាន​៖ គ្រឿង​ម៉ាស៊ីន រថយន្ត សាច់ គ្រឿង​អេ​ឡិច​ត្រូ​និ​ច សង្ហា​រឹម ក្រដាស កប្បាស ក្រណាត់​គ្រប់​ប្រភេទ ផលិតផល​ផ្លា​ស្ទីក សម្ភារៈ​កីឡា និង​គ្រឿង​បន្ទាប់បន្សំ ជាដើម​។​

​ឯកឧត្តម​រដ្ឋមន្ត្រី បាន​ជម្រាប​អង្គពិធី​ទាំងមូល​ពី​ប្រវត្តិ​នៃ​ទំនាក់ទំនង​ការទូត​រវាង ព្រះរាជាណាចក្រ​កម្ពុជា និង​ប្រទេស​ជប៉ុន​កើតឡើង​តាំងពី​ឆ្នាំ​១៩៥៣ មកម្ល៉េះ រហូតមកដល់ ឆ្នាំ​២០១៣ កន្លងទៅ កម្ពុជា និង​ជប៉ុន​បាន​ក្លាយជា​ដៃគូ​យុទ្ធសាស្ត្រ​និង​កិច្ចសហប្រតិបត្តិការ​ស៊ីជម្រៅ​ជាមួយគ្នា​។ ជប៉ុន បាន​ជួយ​ជ្រោ​ម ជ្រែង​អភិវឌ្ឍន៍​ប្រទេស​កម្ពុជា​តាមរយៈ​ការស្តា​ឡើងវិញ​នូវ​ហេដ្ឋារចនាសម្ព័ន្ធ​រូបវន្ត បណ្តុះបណ្តាល​ធនធានមនុស្ស ពង្រីក​ទំនាក់ទំនង​សេដ្ឋកិច្ច ពាណិជ្ជកម្ម ជំរុញ​វិស័យ​ទេសចរណ៍ និង​វិនិយោគ ជាដើម​។ ក្នុង​ក្របខណ្ឌ​កិច្ចសហប្រតិបត្តិការ​លើ​វិស័យសេដ្ឋកិច្ច រវាង​អាស៊ាន និង ជប៉ុន ជប៉ុន​បានរៀបចំ​គម្រោង​អភិវឌ្ឍ​សេដ្ឋកិច្ច​ចំនួន ៨៧ គម្រោង ក្នុងនោះ ៥៨ គម្រោង សម្រាប់​ជួយ​ដល់​ប្រទេស​កម្ពុជា ឡាវ ភូមា និង​វៀតណាម លើ​វិស័យ​កសិកម្ម ទេសចរណ៍ ការអភិវឌ្ឍន៍​សហគ្រាស​ធុន​តូច និង​មធ្យម ធានា​គុណភាព​ទំនិញ ជំរុញ​វិនិយោគ កសាង​បរិយាកាស អាជីវកម្ម បរិស្ថាន កសាង​សមត្ថភាព​មន្ត្រីរាជការ ដើម្បី​កាត់បន្ថយ​គម្លាត​នៃ​ការអភិវឌ្ឍ​របស់​ប្រទេស​ក្រីក្រ​។​

ចាប់តាំងពី​ឆ្នាំ​១៩៩៤ ដល់​ឆ្នាំ​២០១៨ គម្រោង​វិនិយោគ​របស់​ជប៉ុន នៅ​កម្ពុជា មាន​ចំនួន​១៣៧ គម្រោង ដែលមាន​ទុនវិនិយោគ​សរុប​ចំនួន ២,៤៨៦ លាន​ដុល្លារ​។ ក្នុង​ឆ្នាំ​២០១៩ វិនិយោគ មាន ៦ គម្រោង ដែលមាន​ទឹកប្រាក់​ចំនួន ២៩៩ លាន​ដុល្លារ ក្នុងនេះ គម្រោង​សាងសង់​ផ្សារ AEON Mall 3 មាន ទុនវិនិយោគ រហូតដល់ ២៨៩.៦​លាន​ដុល្លារ ហើយ​ក្នុង​ឆ្នាំ​២០២០ មាន ១ គម្រោង ដែលមាន​ទឹកប្រាក់​ចំនួន ៧.១៧​លាន​ដុល្លារ ភាគច្រើន គឺ​វិនិយោគ​ក្នុង​តំបន់​សេដ្ឋកិច្ច​ពិសេស​ភ្នំពេញ បាវិត នាង​កុក ប៉ោយប៉ែត និង​ក្នុង តំបន់​សេដ្ឋកិច្ច​ពិសេស​ខេត្ត​ព្រះសីហនុ​៕
(​អត្ថបទ និង​រូបភាព​៖ នាយកដ្ឋាន​កិច្ចការ​ពិព័រណ៍​)

អត្ថបទមុន
ក្រសួងពាណិជ្ជកម្ម​ ស្នើ​ម្ចាស់ជំនួយ និង​ដៃគូ​អភិវឌ្ឍន៍​បន្ត​ជួយ​ផលិតករ និង​សិប្បករ​កម្ពុជា
អត្ថបទបន្ទាប់
កម្ពុជា ត្រៀមលក្ខណៈ​ចូលរួម​ពិព័រណ៍​ពិភពលោក​នៅ​ទីក្រុង​លោក​ឌុយ​បៃ នា​ខែតុលា ឆ្នាំ​២០២១ ខាងមុខ​

អ្នកក៏អាចចូលចិត្ត

ព័ត៌មានថ្មីៗ

សេចក្តីជូនដំណឹងថ្មីៗ

Menu