1. ទំព័រដើម
  2. ព័ត៌មានថ្មីៗ
  3. ក្រសួងពាណិជ្ជកម្ម​ ស្នើ​ម្ចាស់ជំនួយ និង​ដៃគូ​អភិវឌ្ឍន៍​បន្ត​ជួយ​ផលិតករ និង​សិប្បករ​កម្ពុជា

ក្រសួងពាណិជ្ជកម្ម​ ស្នើ​ម្ចាស់ជំនួយ និង​ដៃគូ​អភិវឌ្ឍន៍​បន្ត​ជួយ​ផលិតករ និង​សិប្បករ​កម្ពុជា

​រាជធានី​ភ្នំពេញ​៖ នា​ល្ងាច​ថ្ងៃទី​២៩ ខែមករា ឆ្នាំ​២០២១ វេលា​ម៉ោង ១៨៖៣០​នាទី លោកជំទាវ តឹក​រ៉េត កំរង រដ្ឋលេខាធិការ​ក្រសួងពាណិជ្ជកម្ម តំណាង​ដ៏​ខ្ពង់ខ្ពស់ ឯកឧត្តម ប៉ាន សូរ​ស័ក្តិ រដ្ឋមន្ត្រីក្រសួង​ពាណិជ្ជកម្ម អញ្ជើញ​ជា​អធិបតី​ក្នុង​ពិធី​បើកសម្ពោធ​ការតាំង​បង្ហាញ​ផលិតផល​សិប្បកម្ម​កម្ពុជា “ផលិត​នៅ​សៀមរាប / Made in Siem Reap” ចាប់ពី​ថ្ងៃទី​៣០-៣១ ខែមករា ឆ្នាំ​២០២១ នៅ​នៅ​អគារ ៣១៣ Quayside លេខ​៣៣០ តីរវិថី​ព្រះស៊ីសុវត្ថិ រាជធានី​ភ្នំពេញ ក្រោម​ការអញ្ជើញ​ចូលរួម​ដោយ​ថ្នាក់ដឹកនាំ​នៃ​ក្រសួង​វប្បធម៌ និង​វិចិត្រសិល្បៈ ក្រសួង​ឧស្សាហកម្ម សិប្បកម្ម វិទ្យាសាស្ត្រ និង​នវានុវត្តន៍ ឯកអគ្គរដ្ឋទូត​បារាំ​ង​ប្រចាំ​នៅ​កម្ពុជា សភាពាណិជ្ជកម្ម​បារាំង មន្ត្រីរាជការ តំណាង​ក្រុមហ៊ុន អង្គការ សមាគម ផលិតករ សិប្បករ និង​អ្នក​រចនា​ម៉ូត សរុប​ប្រមាណ​ជាង ១០០​នាក់​។

នាឱកាស​នោះ លោកជំទាវ​រដ្ឋលេខាធិកា​រ បាន​កោតសរសើរ និង​វាយតម្លៃ​ខ្ពស់​ចំពោះ​កិច្ចខិតខំ​របស់​ក្រុមហ៊ុន BEYOND RETAIL BUSINESS ក្រោម​ការគាំទ្រ​របស់​ស​ភា​ពាណិជ្ជកម្ម និង​ឧស្សាហកម្ម បារាំង​ប្រចាំ​នៅ​កម្ពុជា ដែល​បាន​ផ្តួចផ្តើម​រៀបចំ​ឲ្យ​មាន​កម្មវិធី​ផ្គូរ​ផ្គង​ពាណិជ្ជកម្ម សម្រាប់​ផលិតផល​ដែលមាន​ដើមកំណើត ផលិត​នៅក្នុង​ខេត្តសៀមរាប គុណភាព​ខ្ពស់ ដើម្បី​លើ​កត​ម្កើ​ន​ផលិតផល​ក្នុងស្រុក និង​ជំរុញ​ការធ្វើ​ពិពិធ​កម្ម​លើ​ផលិតផល និង​ទីផ្សារ​។​

កម្មវិធី​ផ្គូរ​ផ្គង​ពាណិជ្ជកម្ម​សម្រាប់​ផលិតផល​សៀមរាប នេះ ជា​ផ្នែក​មួយ​នៃ​យុទ្ធសាស្ត្រ​ចតុកោណ​ដំណាក់កាល​ថ្មី របស់​រាជរដ្ឋាភិបាល​កម្ពុជា ដែល​វិស័យ​សាធារណៈ និង​ឯកជន​រួមគ្នា​រៀបចំ​យុទ្ធសាស្ត្រ​អភិវឌ្ឍន៍​វិស័យ​ពាណិជ្ជកម្ម ដោយ​ចាប់ផ្តើម​ពី​ការអភិវឌ្ឍន៍​ផលិតផល និង​មនុស្ស​។ សកម្មភាព​នេះ បាន​ជួយ​នាំ​ផ្លូវ​ផលិតករ​កម្ពុជា​បាន​ស្គា​ល់ពី​ទំនោរ​ទីផ្សារ​បច្ចុប្បន្ន យល់​ពី​គុណ​តម្លៃ​នៃ​ការច្នៃ​ម៉ូដ ការអភិវឌ្ឍន៍​ផលិតផល ដើម្បី​ទទួលបាន​តម្លៃបន្ថែម​លើក​ផលិតផល និង​សេវា​។​

ម្យ៉ាងទៀត​សកម្មភាព​នេះ​បាន​ដើរ​ស្របគ្នា​ជាមួយ​យុទ្ធសាស្ត្រ​អភិវឌ្ឍ​វិស័យ​ពាណិជ​កម្ម ដោយ​ក្រសួងពាណិជ្ជកម្ម បានរៀបចំ​យុទ្ធនា​ការទិញ​ផលិតផល​ខ្មែរ​ក្នុង​ក្របខណ្ឌ​ទូទាំងប្រទេស​បាន​ចំនួន ៦​រដូវ​កាល​កន្លងមកហើយ និង​បាន​ប្រមូល​កៀរគរ​ផលិតផល​ឆ្នើម គុណភាព​ខ្ពស់​ពី​គ្រប់​បណ្តាញ មក​ដាក់តាំង​បង្ហាញ​បង្កើតជា​ឱកាស​ទីផ្សារ និង​ជំរុញ​ឲ្យ​មានការ​ចូលរួម​គាំទ្រ និង​ប្រើប្រាស់​ផលិតផល​ក្នុងស្រុក​ឲ្យ​បាន​ច្រើន​ជា​អតិបរមា​។

ជាមួយគ្នានេះ លោកជំទាវ រដ្ឋលេខាធិការ បាន​ជម្រាប​អង្គពិធី​ទាំងមូល​ថា វិស័យ​ពាណិជ្ជកម្ម​បានរួម​ចំណែក​យ៉ាងសំខាន់​ក្នុងការ​អភិវឌ្ឍ និង​ជំរុញ​ដល់​កំណើន​សេដ្ឋកិច្ចជាតិ​។ កម្ពុជា​នៅតែមាន​ឱកាស​អាច​នាំចេញ​ទំនិញ​ទៅកាន់​ទីផ្សារ​អន្តរជាតិ ដូច្នេះ សហគ្រិន​កម្ពុជា​ត្រូវខិតខំ​បង្កើត​គំនិត​ច្នៃប្រឌិត​អភិវឌ្ឍន៍​ផលិតផល​សម្រាប់​បំពេញ​តំរូវការ​ទីផ្សារ​។ ក្នុងឱកាស​នេះដែរ លោកជំទាវ បាន​អំពាវនាវ​សុំ​ម្ចាស់ជំនួយ និង​ដៃគូ​អភិវឌ្ឍន៍​ទាំងឡាយ​សូម​រៀបចំ​ផែន​ការជួយ​ពង្រឹង​ផលិតកម្ម និង​ការអភិវឌ្ឍន៍​ផលិតផល​ដោយ​ធ្វើការ​ដោយផ្ទាល់​ជាមួយ​ផលិតករ សិប្បករ​កម្ពុជា​នៅ​មូលដ្ឋាន​។

ផលិតផល​ផលិត​នៅ​សៀមរាប ដែល​សម្រិតសម្រាំង​ជ្រើសរើស​យកមក​ដាក់តាំង​នៅទីនេះ​គឺជា​ស្នាដៃ​របស់​ផលិតករ និង​អ្នក​ច្នៃ​ម៉ូដ​ខ្មែរ និង​បរទេស ដែល​ខិតខំ​ធ្វើការ​រួមគ្នា​បង្កើត​គំនិត​ផលិត​ទំនិញ​ថ្មី គុណភាព​ខ្ពស់​និង​មានការ​គាំទ្រ​លើ​ទីផ្សារ​ទាំង​ក្នុង​និង​ក្រៅប្រទេស​។​

(​អត្ថបទ និង​រូបភាព​៖​នាយកដ្ឋាន​កិច្ចការ​ពិព័រណ៍​)

អត្ថបទមុន
‘Robust’ new cassava policy aims to diversify farming and boost exports
អត្ថបទបន្ទាប់
ឯកឧត្តម ប៉ាន សូរ​ស័ក្តិ អញ្ជើញ​ជា​អធិបតី​ក្នុង​ពិធី​បើកសម្ពោធ​ការតាំង​បង្ហាញ​ទំនិញ​ជប៉ុន “Good Goods Japan 2021”

អ្នកក៏អាចចូលចិត្ត

ព័ត៌មានថ្មីៗ

សេចក្តីជូនដំណឹងថ្មីៗ

Menu