វិស័យស្វាយចន្ទី នៅកម្ពុជា

ផលិតផល​ស្វាយចន្ទី មាន​ផលប៉ះពាល់​ច្រើន​ដល់​ការងារ​នៅតាម​ទីជនបទ ព្រមទាំង​បាន ផ្តល់​ជា​បច្ច័យ​ល្អ​សម្រាប់​កសិករ​ដែលមាន​ដី​ពុំ​សូវ​មាន​ជីវជាតិ​។ ស្វាយចន្ទី ជា​ដំណាំ​ដែលមាន​សារៈសំខាន់ ជាពិសេស​សម្រាប់​អ្នក​ដែលមាន​ជីវភាព​ក្រីក្រ​នៅតាម​ទីជនបទ ដោយសារ ការដាំដុះ​ពុំ​ចាំបាច់​ឲ្យ​មាន​វត្ថុធាតុដើម​ស្មុគស្មាញ​ច្រើនពេក​ទេ​។ ស្វាយចន្ទី​ត្រូវបាន​ចាត់ទុកថា​ជា​ដំណាំ​របស់​អ្នកក្រ ប៉ុន្តែ​ជា​អាហារ​ដ៏​ឆ្ងាញ់​ពិសារ​សម្រាប់​អ្នកមាន​។ ស្វាយចន្ទី​ជា​កសិផល​ដែល​បានផ្តល់​តម្លៃបន្ថែម​ខ្ពស់ រួមជាមួយ​ទស្សនវិស័យ​រយៈពេល​វែង​ពោលគឺ ប្រាក់ចំណូល​ពី​តម្រូវការ​សម្រាប់​ទំនិញ​ប្រណិត​ប្រភេទ​នេះ​មានការ​កើនឡើង​។​

​តាម​ការប៉ាន់ស្មាន មាន​កសិករ​ចំនួន ២២,០០០ នាក់ ហើយ​មាន​ប្រជាជន​ប្រមាណ​ជា ៣៨,០០០ នាក់ កំពុង​បម្រើការ​ក្នុង​ខ្សែសង្វាក់​ផលិតកម្ម​ស្វាយចន្ទី បូករួម​ទាំង​កំលាំង​ពលកម្ម​ប្រចាំ​រដូវ​ផងដែរ​។ បច្ចុប្បន្ននេះ​ទិន្នផល​ស្វាយចន្ទី​ស្ទើរតែ​ទាំងអស់​ត្រូវបាន​នាំចេញ​ក្រោមរូបភាព​មិនទាន់​កែច្នៃ ប៉ុន្តែ​វា​អាច​នឹង​ផ្តល់​ការងារ​បន្ថែមចំនួន ១០,០០០ ទៀត​ប្រសិនបើ​ផលិតផល គ្រាប់ស្វាយចន្ទី​ឆៅ​ទូទាំងប្រទេស​កម្ពុជា​ត្រូវបាន​កែច្នៃ និង​វេច​ខ្ចប់​ក្នុងស្រុក (EIC២០០៧)​។

​ផលិតផល​គ្រាប់ស្វាយចន្ទី​ឆៅ​ក្នុង​ពិភពលោក មានការ​កើនឡើង​១២​ដង​ក្នុង​រយៈពេល ៥០​ឆ្នាំ​ចុង​ក្រោយនេះ​ពោលគឺ​ចាប់ពី​តិចជាង​៣០០,០០០​តោន​ក្នុង​ឆ្នាំ​១៩៦១ ដល់​៣,៧ លាន​តោន​ក្នុង​ឆ្នាំ​២០០៨ (​រូបភាព​ទី​១)​។ ការដាំដុះ​មានការ​កើនឡើង​នៅ​ប៉ុន្មាន​ទសវត្សរ៍​ចុងក្រោយ​នេះហើយ​ផលិតផល​ស្ទើរតែ​កើនឡើង​ទ្វេដង​ពី​ឆ្នាំ ២០០០ ដល់ ២០០៨ ដោយសារ​ការកើនឡើង ២៧​ភាគរយ​នូវ​ផ្ទៃដី​ដាំ​ដុះ​ក្នុង​ពិភពលោក ហើយ​ទិន្នផល​ជា​មធ្យម​ក្នុង​ពិភពលោក​កើនឡើង​ជាង ៥០​ភាគរយ (​តារាង​ទី ១)​។
​ប្រទេស​វៀតណាម ឥណ្ឌា និង​ណៃ​ចឺ​រៀជា​ប្រទេស​ផលិត​គ្រាប់ស្វាយចន្ទី ច្រើនជាងគេ​លំដាប់​ពិភពលោក​។ ផលិតផល​របស់​ប្រទេស​ទាំង​៣​នេះ​រាប់បញ្ចូល​គ្នា​មាន​ប្រហែល ២/៣ នៃ​ផលិតកម្ម​ពិភពលោក​សរុប​។ ក្នុង​ចន្លោះ​ឆ្នាំ​២០០០-២០០៨ ប្រទេស​វៀតណាម និង ប្រទេស​កួ​ឌី​វ័រ​ផលិត​គ្រាប់ស្វាយចន្ទី​កើនឡើង​៤​ដង ហើយ​ប្រទេស​ហ្វីលីពីន​មាន​កំណើន​ផលិតផល​កើនឡើង​១៥​ដង​។​​

នៅ​មិនទាន់មាន​ទិន្នន័យ​គួរ​ឲ្យ​ទុកចិត្តបាន​អំពី​ផលិតកម្ម​គ្រាប់ស្វាយចន្ទី​នៅ​ប្រទេស​កម្ពុជា​នៅឡើយ​ទេ​។ មានការ​ស្រាវជ្រាវ​មួយ​បាន​ប៉ាន់ស្មាន​ពី​ផលិតកម្ម​ស្វាយចន្ទី​មិនទាន់​កែច្នៃ ថា​មាន​ពី ចន្លោះ​៣០,០០០-៥០,០០០​តោន​ក្នុង​បណ្តា​ឆ្នាំកន្លងមក​ថ្មី​នេះៗ ហើយ​ប្រហែល ៦០,០០០ តោន ក្នុង​ឆ្នាំ ២០០៨ (DAI ២០០៨)​។ ចំនួន​នេះ​អាច​ចាត់ទុកថា​កម្ពុជា​ស្ថិតក្នុង​លំដាប់​ប្រទេស​ទាំង​១៥​ដែល​ផលិត​គ្រាប់ស្វាយចន្ទី​ច្រើនជាងគេ​ក្នុង​ពិភពលោក ពោលគឺ​ផលិតផល​មាន​១% និង ២%​នៃ​ផលិតកម្ម​ទូទាំង​ពិភពលោក​។ ប្រទេស​វៀតណាម​ផលិត​គ្រាប់ស្វាយចន្ទី​បាន​១,២​លាន​តោន ពោលគឺ​២០​ដង​បើ​ធៀប​នឹង​កម្ពុជា​។​

អត្ថបទពាក់ព័ន្ធនឹងវិស័យសំខាន់ៗផ្សេងទៀតនៅកម្ពុជា

Menu