
ការរីកចម្រើនយ៉ាងឆាប់រហ័សនៃតំបន់ដាំដុះដំឡូងមីក្នុងទសវត្សរ៍ចុងក្រោយនេះ បានធ្វើឱ្យដំណាំដំឡូងមី ក្លាយជាដំណាំសំខាន់ទីពីរ បន្ទាប់ពីស្រូវនៅប្រទេសកម្ពុជា។ ដំឡូងមី មានចំណែកចន្លោះពី ៣ទៅ៤ភាគរយ នៃផលិតផលសរុបក្នុងស្រុក។ ក្នុងមួយឆ្នាំៗ ថវិកាប្រហែល៣០០លានដុល្លារអាម៉េរិក ត្រូវបានវិនិយោគ ដើម្បីដាំដុះដំឡូងមីលើផ្ទៃដីទំហំធំជាង ៦០០ ០០០ហិកតា។ ខណៈដែលការនាំចេញភាគច្រើនជាមើម ដំឡូងមីស្រស់ និងចំណិតដំឡូងមីក្រៀម មានតម្លៃប្រហែល ៧២៨លានដុល្លារអាម៉េរិក។ ប្រជាជននៅ ជនបទច្រើនជាង ៩០ ០០០ (ប្រាំបួនម៉ឺន) គ្រួសារ រស់នៅក្នុងខេត្តចំនួន១៣ កំពុងប្រកបរបរដាំដុះដំឡូងមី និងពលករជាច្រើនកំពុងបម្រើការក្នុងវិស័យនេះ ក្នុងដំណាក់កាលផ្សេងៗ ដូចជា ដាំដុះ ប្រមូលផល កែច្នៃ និងនាំចេញ។ កន្លែងប្រមូលទិញផលិតផលដំឡូងមីមានចំនួន ៥៥០ កន្លែង ភាគច្រើនស្ថិតនៅក្នុងខេត្ត ចំនួនប្រាំ ដូចជា ខេត្តបាត់ដំបង ខេត្តប៉ៃលិន ខេត្តបន្ទាយមានជ័យ ខេត្តឧត្តរមានជ័យ និងខេត្តត្បូងឃ្មុំ។ ខេត្តទាំងនេះមានផ្លូវតភ្ជាប់ដោយផ្ទាល់សម្រាប់ការនាំចេញដំឡូងមីពីចម្ការនៅកម្ពុជា ទៅកាន់រោងចក្រកែច្នៃ ឃ្លាំងស្តុកទុក និងកំពង់ផែរបស់ប្រទេសជិតខាង។ បន្ថែមលើនេះ ក្នុងចំណោមរោងចក្រកែច្នៃម្សៅដំឡូងមី ក្នុងស្រុកទាំងខ្នាតតូច និងខ្នាតធំចំនួន១៧ មានរោងចក្រចំនួន១៤ ដែលនៅដំណើរការគិតត្រឹមឆ្នាំ២០១៨។ គួរកត់សម្គាល់ថា មានរោងចក្រកែច្នៃម្សៅថ្មីៗមួយចំនួនទៀតកំពុងដំណើរការសាងសង់។ រោងចក្រចម្រាញ់ អេតាណុលពីដំឡូងមីចំនួន ៧ បានដំណើរការអស់រយៈពេលជាច្រើនឆ្នាំមកហើយ។
ដំឡូងមី គឺជាដំណាំកសិ-ពាណិជ្ជកម្មសម្រាប់ការនាំចេញ និងមិនមែនជាអាហារមូលដ្ឋានសម្រាប់ចិញ្ចឹម ជីវិតរបស់ប្រជាជនកម្ពុជាឡើយ ប៉ុន្តែ វាជាអាហារដ៏សំខាន់មួយរបស់ប្រជាជនឥណ្ឌូនេស៊ី ឥណ្ឌា អាហ្វ្រិក និង អាម៉េរិកឡាទីនមួយចំនួនធំ។ នៅកម្ពុជា ដំឡូងមី ត្រូវបានគេប្រើប្រាស់សម្រាប់ផលិតអាហារ និងចំណី សត្វតិចតួច ហើយត្រូវបាននាំចេញក្នុងទម្រង់ជាវត្ថុធាតុដើមស្ទើរតែទាំងស្រុង ទៅកាន់ទីផ្សារ ប្រទេសជិត ខាង។ ភាគច្រើនដំឡូងមីស្រស់ ត្រូវបានកែច្នៃទៅជាម្សៅនៅប្រទេសវៀតណាម និងចំណិត ដំឡូងមីក្រៀម សម្រាប់ចម្រាញ់អេតាណុលត្រូវបានទិញស្តុកទុកនៅប្រទេសថៃ។
បន្ថែមលើផលិតផលដំឡូងមីដែលខ្លួនមាន ប្រទេសជិតខាងទាំងពីរនេះបាននាំចេញផលិតផលដំឡូងមី កម្ពុជាទៅកាន់ប្រទេសចិននិងទីផ្សារផ្សេងៗទៀត។ ការនាំចេញដោយផ្ទាល់ពីកម្ពុជា ទៅប្រទេសចិន មាន ទំហំតូចដែលមានតម្លៃត្រឹមតែ ១៥.៥ លានដុល្លារអាម៉េរិក ឬ ៨១ ៤៩៧ តោនសម្រាប់ចំណិតដំឡូងមី ក្រៀម និង ១០.៥ លានដុល្លារអាម៉េរិក ឬ ៣០ ៩៣៧ តោនសម្រាប់ម្សៅមី នៅឆ្នាំ២០១៦។ រហូតមក ទល់ពេលនេះបរិមាណនៃការនាំចេញដោយផ្ទាល់ពីកម្ពុជា មិនទាន់មានការកើនឡើងគួរឱ្យកត់សម្គាល់ នោះទេ។