
រាជរដ្ឋាភិបាលកម្ពុជា បានទទួលស្គាល់ពីសារៈសំខាន់មិនអាចខ្វះបាន ពីវិស័យសូត្រខ្មែរក្នុងការចូលរួមចំណែកអភិវឌ្ឍន៍សេដ្ឋកិច្ចជាតិ និងរក្សាមរតកវប្បធម៌របស់ព្រះរាជាណាចក្រកម្ពុជា ក៏ដូចជាសារៈសំខាន់ក្នុងការទាក់ទាញទេសចរណ៍ ហេតុដូច្នេះហើយទើបរាជរដ្ឋាភិបាលសម្រេចចិត្តកសាងយុទ្ធសាស្ត្រវិស័យសូត្រថ្នាក់ជាតិឆ្នាំ២០១៦-២០២០នេះឡើង ជាមគ្គុទេ្ទសសម្រាប់អភិវឌ្ឍនាជំហានបន្ទាប់។ យុទ្ធសាស្ត្រវិស័យសូត្រនេះមានគោលបំណងធ្វើឱ្យរស់ឡើងវិញនូវវិស័យកោសិយ្យវប្បកម្មនៅកម្ពុជា ធ្វើទំនើបកម្មវិស័យសូត្រខ្មែរ ជំរុញលើកកម្ពស់ភាពជាដៃគូរវាងវិស័យសាធារណៈ និងឯកជន និងជំរុញការវិនិយោគលើវិស័យនេះក្នុងទ្រង់ទ្រាយធំនាពេលអនាគត។ រាជរដ្ឋាភិបាលកម្ពុជាបានប្តេជ្ញាយ៉ាងមុតមាំក្នុងការគាំទ្រ និងអភិវឌ្ឍន៍វិស័យនេះ ស្របតាម ទស្សនាទាន និងចក្ខុវិស័យវែងឆ្ងាយដូចមានចែងនៅក្នុងឯកសារយុទ្ធសាស្ត្រវិស័យសូត្រថ្នាក់ជាតិនេះថា “ ការស្តាឡើងវិញនូវវិស័យកោសិយ្យវប្បកម្ម និងធ្វើទំនើបកម្មសូត្រខ្មែរតាមរយៈការផលិតសូត្រឱ្យមានគុណភាពខ្ពស់ ដើម្បីរក្សាស្ថិភាពប្រាក់ចំណូលអ្នកដែលមានការពាក់ព័ន្ធនឹងផលិតផលសូត្រ” ។